(ភ្នំពេញ)៖ ជាទូទៅអាជីវកម្មមួយបើកដំណើរការបាន លុះត្រាតែមានបច្ចេកទេស ដើមទុន សម្ភារប្រើប្រាស់ និងគំនិតច្នៃប្រឌិត ។ល។ ប៉ុន្តែសម្ភារមួយចំនួនអាចមានតម្លៃថ្លៃដែលអាចធ្វើឱ្យដើមទុន មានការថមថយក្នុងប្រតិបត្តិការ ដូចនេះដើម្បីឱ្យមានលក្ខណៈងាយស្រួលក្នុងការធ្វើប្រតិបត្តិការអាជីវកម្ម ដែលកាត់បន្ថយការចំណាយទៅលើការទិញសម្ភាររបស់ម្ចាស់អាជីវកម្ម ច្បាប់បានបង្កើតឱ្យមានប្រព័ន្ធមួយ ស្តីពីភតិសន្យាហិរញ្ញវត្ថុ ដោយម្ចាស់អាជីវកម្ម អាចជួលសម្ភារដែលមានតម្លៃថ្លៃយកមកប្រើប្រាស់តាមតម្រូវការក្នុងអាជីវកម្មរបស់ខ្លួន ។
តើភតិសន្យាហិរញ្ញវត្ថុជាអ្វី និងមានលក្ខណៈដូចម្តេច ហើយត្រូវបានបង្កើតឡើងយ៉ាងដូចម្តេចខ្លះដើម្បីមានសុពលភាព ?
ដើម្បីស្រាយចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ភតិសន្យាហិរញ្ញវត្ថុ» មកចែករំលែកជូនសិស្ស និស្សិត និងសាធារណជន ដូចខាងក្រោម។
ដោយយោងតាមច្បាប់ស្តីពីភតិសន្យាហិរញ្ញវត្ថុ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦០៩/០០៨ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៩ ភតិសន្យាហិរញ្ញវត្ថុ ត្រូវបានកំណត់និយមន័យថា ជាភតិសន្យា ឬកិច្ចសន្យាជួល សម្រាប់រយៈពេលដំបូងមួយឆ្នាំ ឬច្រើនជាងដែលរយៈពេលនោះមិនអាចកែប្រែបាន ។ ចំពោះ ភតិកៈ ឬអ្នកជួលត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់នូវចលនវត្ថុ និងជ្រើសរើសអ្នកផ្គត់ផ្គង់ ដោយមិនផ្អែកសំខាន់លើជំនាញ និងការវិនិច្ឆ័យរបស់ភតិបតីឡើយ ។ អ្នកផ្គត់ផ្គង់នៅត្រង់ចំណុចនេះ ចង់សំដៅដល់ រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលភតិបតី ទទួលចលនវត្ថុ ដែលត្រូវជួលឱ្យភតិក: ។
ជារួម នៅក្នុងភតិសន្យាហិរញ្ញវត្ថុនេះមានបុគ្គលចំនួនបី សំខាន់ រួមមាន៖ ១). អ្នកជួល (ភតិកៈ) ២). អ្នកឱ្យជួល (ភតិបតី) និង ៣). អ្នកផ្គត់ផ្គង់ ។
ជាឧទាហរណ៍ នៅពេលដែលភតិកៈចង់ទិញនូវត្រាក់ទ័រមួយដើម្បីបម្រើឱ្យសកម្មភាពអាជីវកម្មរបស់ខ្លួន ដូច្នេះភតិកៈនោះអាចទៅមើលម៉ូដ ឬស៊េរីត្រាក់ទ័រណាមួយដែលខ្លួនពេញចិត្តពីអ្នកផ្គត់ផ្គង់បាន ដោយពុំបាច់មានការយល់ព្រមពីភតិបតីឡើយ ប៉ុន្តែក្រោយពីសម្រេចចិត្តថាយកនូវត្រាក់ទ័រម៉ូដណាមួយហើយ អាចប្រាប់ទៅកាន់ភតិបតីបាន ដើម្បីភតិបតី ទិញចលនវត្ថុនោះពីអ្នកផ្គត់ផ្គង់ដើម្បីយកមកជួលឱ្យភតិកៈ ។ ការជួលនូវចលនវត្ថុបែបនេះ ច្បាប់ក៏បានតម្រូវឱ្យចុះកិច្ចព្រមព្រៀងភតិសន្យាហិរញ្ញវត្ថុរវាង ភតិបតី និងភតិកៈផងដែរ ។ ចំពោះកិច្ចព្រមព្រៀងភតិសន្យាហិរញ្ញវត្ថុត្រូវធ្វើជាលាយលក្ខណ៍អក្សរ និងចុះហត្ថលេខាដោយភតិបតី និងភតិកៈ ហើយត្រូវកំណត់រយៈពេល និងលក្ខខណ្ឌនៃគ្រប់ភាគីទាក់ទងនឹងចលនវត្ថុដែលបានជួល ។
បន្ថែមពីនេះ ដោយយោងតាមមាត្រា ៦ នៃច្បាប់ស្ដីពីភតិសន្យាហិរញ្ញវត្ថុ កិច្ចព្រមព្រៀងដែលមានលក្ខណ:ពេញលេញ ត្រូវតែមានចែងនូវចំណុចសំខាន់ៗ យ៉ាងតិចដូចខាងក្រោម ក). ការពណ៌នាពីចលនវត្ថុដែលបានជួល ខ). ចំនួនប្រាក់ ការកំណត់គ្រា និងរយៈពេលនៃការបង់ថ្លៃឈ្នួល គ).កាលបរិច្ឆេទចាប់ផ្ដើមភតិសន្យាហិរញ្ញវត្ថុ និង ឃ). ហត្ថលេខារបស់ភតិបតី និងភតិកៈ ។
ដូច្នេះ ការ បង្កើតឱ្យមានភតិសន្យាហិរញ្ញវត្ថុ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់អាជីវកម្ម ដើម្បីឱ្យស្របទៅតាមការវិវត្តនៃវិស័យសេដ្ឋកិច្ច ក៏ដូចជាជួយនូវម្ចាស់អាជីវកម្មកាត់បន្ថយដើមទុនក្នុងការទិញសម្ភារប្រើប្រាស់ដែលមានតម្លៃថ្លៃ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការបង្កើតនូវភតិសន្យាហិរញ្ញវត្ថុនេះ ត្រូវតែគោរពទៅតាមលក្ខខណ្ឌច្បាប់ដូចដែលបានរៀបរាប់ខាងលើផងដែរ ទើបភតិសន្យានេះ មានសុពលភាពអាចអនុវត្តបាន ។
រៀបរៀងដោយ៖ លោកមេធាវី ប៊ុន វិទូ និងកញ្ញា ឈិន ឆាយអ៊ី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថ បទ ច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC)លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕