(លីវើភូល)៖ Liverpool កំពុងឈរទីកំពូលតារាងដ៏រឹងមាំជាមួយនឹង ៦០ពិន្ទុ គិតត្រឹមសប្តាហ៍ទី២៥ ដោយនាំមុខក្រុមលេខ២ Arsenal ៧ពិន្ទុ នៅក្រោយការប្រកួតដែលបានយកឈ្នះក្រុមភ្ញៀវ Wolverhamton Wanderer ២-១ នៅរាត្រីថ្ងៃអាទិត្យ។
ក្នុងប្រកួតជើងទី២ នៅកីឡដ្ឋាន Anfield នាយប់មិញនាយប់មិញនេះ ក្រុមរបស់លោក Arne Slot បានបើកការនាំមុខ ២គ្រាប់មុនតែម្តង ពីការធ្វើបានសម្រេចរបស់កីឡាករ Luis Diaz និងប៉េណាល់ទីដោយ Mohamed Salah។ ក្រុមជើងឯកលីគអង់គ្លេសកាលឆ្នាំ២០២០ មួយនេះធ្វើពុំបានល្អឡើយក្នុងវគ្គទី២ និងបណ្តោយឱ្យក្រុមកំពុងត្រដាបត្រដួស Wolves តាមបាន ១គ្រាប់វិញ។
ដោយយោងតាមស្ថិតិពី Opta បានបង្ហាញថា នេះជាកំណត់ត្រាដ៏អន់បំផុតលើកដំបូងរបស់ Liverpool គិតចាប់តាំងពីឆ្នាំ២០០៣-០៤ មក ដែលបរាជ័យក្នុងការស៊ុតចំគោលដៅនៃវគ្គទី២ នៅកីឡដ្ឋាន Anfield ក្នុងកម្មវិធី Premier League។
តាមរយៈលទ្ធផលនេះដែរ ហង្សក្រហមក៏ត្រូវបានគេព្យាករណ៍ថា នឹងឈ្នះជើងឯក Premier League 2024-25 មានដល់ទៅ ៨៧.៦៥% ខណៈក្រុមលេខ២ កាំភ្លើងធំ Arsenal ដែលរងជើងឯករដូវកាលមុនផងនោះ មានតែ ១២.៣៥% តែប៉ុណ្ណោះ ដ្បិត Man City ក្រុមការពារជើងឯក កំពុងឈរនៅលេខ៤ និងមាន ៤៤ពិន្ទុ៕