(តូរីន)៖ ក្រុមការពារតំណែងជើងឯក Inter Milan បានខកចិត្ត ក្នុងការឡើងទៅឈរទីកំពូលតារាងលីគ Serie A ជាលើកដំបូង ក្រោយពេលបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះ Juventus ១-០ កាលពីរាត្រីថ្ងៃអាទិត្យ។

ការបញ្ចប់ទីបានសម្រេចពីសំណាក់កីឡាករ Francisco Conceicao នៅនាទី៧៤ ប្រចាំទីក្រុង Turin បន្តរួមចំណែកជួយសេះបង្កង់លេងចាញ់តែ ១ប្រកួតប៉ុណ្ណោះក្នុងលីគនារដូវកាលឆ្នាំ២០២៤-២៥ នាំឱ្យ Inter បន្តចាញ់ប្រៀបក្រុមកំពូលតារាង Napoli អតីតជើងឯករដូវកាលឆ្នាំ២០២២-២៣ ត្រឹម ២ពិន្ទុវិញ គ្រាដែល Juventus ឡើងមកឈរក្នុងតំបន់ Top-4 វិញដែលមានគ្រាប់ចំណេញលើស Lazio ដែលមានពិន្ទុស្មើគ្នា។

វាក៏ជាការបរាជ័យលើកទី៣ ក្នុងលីគនារដូវកាលនេះសម្រាប់ Inter ដោយចាញ់ ២ប្រកួតជាប់ៗគ្នាផងដែរ ដ្បិតពួកគេរកបាន ៣ពិន្ទុតែ ១លើកគត់ ក្នុងចំណោម ៤ប្រកួតចុងក្រោយនេះ ស្ថិតក្រោមការដឹកនាំដោយលោក Simone Inzaghi និងជាជ័យជម្នះលើកទី៣ ជាប់ៗគ្នាទៅវិញសម្រាប់ Juventus ដោយចាញ់តែ ១លើកប៉ុណ្ណោះ ក្នុងចំណោម ២៥ប្រកួត គិតមកទល់ពេលនេះ។

បេសកកម្មបន្ទាប់របស់ Juventus គឺផ្តោតទៅលើប្រកួតជើងទី២ ពានអឺរ៉ុប UEFA Champions League 2024-25 នៅរាត្រីថ្ងៃពុធសប្តាហ៍នេះ ដែលពួកគេបានយកឈ្នះ ២-១ ទៅលើគូប្រជែង PSV Eindhoven របស់ហូឡង់កាលជើងទី១ ពីការលេងជម្រុះ ដណ្តើមកៅអីឡើងទៅវគ្គ ១៦ក្រុមជាបន្ត៕