(បាសេឡូណា)៖ ក្រុមរងជើងឯកលីគរដូវកាលមុន FC Barcelona បានឡើងទៅឈរទីកំពូលតារាង La Liga ជាថ្មី តាមរយៈជ័យជម្នះ ១ទល់នឹង០ នាយប់មិញនេះទៅលើក្រុមភ្ញៀវ Rayo Vallecano ក្នុងសប្តាហ៍ទី២៦ ជើងទី២។
ប្រធានក្រុមជម្រើសជាតិប៉ូឡូញ Robert Lewandowski ជាអ្នកទាត់បាល់ពិន័យប៉េណាល់ទីបានសម្រេចនាទី២៨ និងជាគ្រាប់ទី៣២ គ្រប់កម្មវិធីប្រកួតរបស់ក្រុមអ្នកមានបុណ្យសម្រាប់រដូវកាលឆ្នាំ២០២៤-២៥ នេះដែរ។
នេះមានន័យថា ក្រុមរបស់លោក Hansi Flick រកបាន ៥១ពិន្ទុស្មើក្រុមលេខរៀងទី២ និងជាំក្រុមជាការពារតំណែងជើងឯក Real Madrid ប៉ុន្តែបានឈ្នះគ្រាប់បាល់ចំណេញ គ្រាដែល Atletico Madrid ឈរលេខ៣ បណ្តោះអាសន្ន ដោយមាន ៥០ពិន្ទុ។
វាជាលើកដំបូងសម្រាប់ FC Barcelona ក្នុងការវិលទៅកាន់តំណែងកំពូល La Liga 2024-25 គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ មក៕