(បរទេស)៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានប្រកាសនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft បានសម្រេចវិនិយោគបន្ថែមចំនួន ៧០០លានដុល្លារនៅក្នុងប្រទេសប៉ូឡូញ។ ការវិនិយោគនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។
ការវិនិយោគនេះ ត្រូវបានគេមើលឃើញថាស្របតាមផែនការសេដ្ឋកិច្ចដ៏មានមហិច្ឆតារបស់ប្រទេសប៉ូឡូញសម្រាប់ឆ្នាំ២០២៥ ដែលរំពឹងថានឹងមានការវិនិយោគសរុបលើស ១៦៧ ពាន់លានដុល្លារ នៅទូទាំងវិស័យផ្សេងៗ រួមទាំងភស្តុភារ ថាមពលបៃតង និងបញ្ញាសិប្បនិម្មិត។
គួរជម្រាបថា ការប្តេជ្ញាចិត្តថ្មីនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Microsoft ប្រកាសផែនការវិនិយោគឌីជីថល ១ ពាន់លានដុល្លារនៅក្នុងប្រទេសប៉ូឡូញ ដែលរួមបញ្ចូលការបើកមជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួននៅក្នុងតំបន់។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីលោក Tusk បានសង្កត់ធ្ងន់ថា ការទាក់ទាញការវិនិយោគបែបនេះមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសប៉ូឡូញ និងតួនាទីរបស់ខ្លួនជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យា និងការច្នៃប្រឌិតនៅក្នុងទ្វីបអឺរ៉ុប។ ទាក់ទិននឹង ព័ត៌មានលម្អិតក្នុងគម្រោងវិនិយោគនេះ នៅមិនទាន់បង្ហាញជាផ្លូវការនៅឡើយនោះទេ៕