(ដូហា)៖ កីឡាករវាយតេន្នីសទោល Jack Draper បានបន្តឆ្លងចូលជុំទី២ នៃកម្មវិធី Qatar Open 2025 របស់ប្រទេសកាតា ក្រោយទទួលបានជ័យជម្នះលើគូប្រជែង Alexeil Popyrin នៅថ្ងៃបើកឆាក ក្រោមលំដាប់ពិន្ទុ ៦-២ ៧-៦ (៧-៤) នាថ្ងៃទី១៧ ខែកុម្ភៈម្សិលមិញ។
Draper ដែលឈរនៅលំដាប់លេខ៨ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោកបច្ចុប្បន្ន រកបានជ័យជម្នះលើកដំបូង គិតចាប់តាំងពីចាញ់ Carlos Alcaraz នៅឯព្រឹត្តិការណ៍ Australian Open នាអំឡុងខែមករា ឆ្នាំ២០២៥។
Draper ដែលបានចូលរួមការប្រកួតជាលក្ខណៈ outdoor ស្ថិតក្នុងទីក្រុងដូហា បានឈ្នះនៃការប្រកួត tie break ដើម្បីទទួលបានកៅអីឡើងវគ្គ ១៦នាក់ចុងក្រោយ ដោយត្រូវប៉ះ Christopher O’Connell សញ្ជាតិអូស្រ្តាលីដែលបានឆ្លងផុតពីវគ្គជម្រុះមក។
ជាមួយគ្នានោះដែរកាលពីថ្ងៃចន្ទ កីឡាករលំដាប់លេខ២ ពិភពលោក Carlos Alcaraz ក៏បានឆ្លងចូលជុំទី២ ដូចគ្នា តាមរយៈផ្តួលដៃគូ Marin Cilic ២ទល់នឹង០ ក្នុងលំដាប់ពិន្ទុ ៦-៤ និង ៦-៤។ វាជាការបង្ហាញខ្លួនលើកដំបូងរបស់អតីតជើងឯក US Open គិតចាប់តាំងពីមានរបួសជង្គង់នាអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤៕