(បរទេស)៖ ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍នៅថ្ងៃចន្ទដើមសប្តាហ៍នេះថា តុលាការរុស្ស៊ីបានពិន័យ Google ជាប្រាក់ចំនួន ៣.៨លានរូប្លែ (ប្រហែល ៤១,៥៣០ ដុល្លារ) សម្រាប់ការបង្ហោះមាតិកានៅលើ YouTube ដែលរួមបញ្ចូលវីដេអូណែនាំទាហានរុស្ស៊ីពីរបៀបចុះចាញ់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។
រដ្ឋាភិបាលរុស្ស៊ី បាននិងកំពុងទាមទារយ៉ាងសកម្មឱ្យក្រុមហ៊ុនបច្ចេកវិទ្យាបរទេសដកចេញនូវខ្លឹមសារដែលខ្លួនចាត់ទុកថាខុសច្បាប់ ជាពិសេសទាក់ទងនឹងជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន ហើយបានចេញការផាកពិន័យជាបន្តបន្ទាប់ចំពោះការមិនគោរពតាម។ យ៉ាងណា ជុំវិញការផាកពិន័យនេះ Google នៅមិនទាន់មានការឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះទេ។
ពាក់ព័ន្ធនឹងការរារាំងជាបន្តបន្ទាប់ មានអ្នករិះគន់ជាច្រើនបានចោទប្រកាន់អាជ្ញាធររុស្ស៊ីថាមានចេតនាបង្អាក់ល្បឿនទាញយករបស់ YouTube ដើម្បីកំណត់ការចូលប្រើខ្លឹមសាររិះគន់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងរដ្ឋាភិបាលរបស់គាត់។ ការអះអាងនេះ កើតឡើងចំពេលមានភាពតានតឹងដែលកំពុងបន្តរវាងវិមានក្រឹមឡាំង និងក្រុមហ៊ុនបច្ចេកវិទ្យាបរទេស ជាពិសេសទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន។ ខណៈរុស្សីបានបដិសេធថា បញ្ហានេះគឺបណ្តាលមកពីការបរាជ័យផ្ទាល់ខ្លួនរបស់ Google ក្នុងការធ្វើឱ្យប្រសើរឡើងនូវឧបករណ៍ ដែលជាការទាមទារដែលត្រូវបានជំទាស់ដោយ Google និងអ្នកជំនាញផ្នែកបច្ចេកវិទ្យាផ្សេងៗ។
គួរជម្រាបថា នៅក្នុងខែធ្នូ ឆ្នាំ២០២៤ លោក ពូទីន បានចោទប្រកាន់ក្រុមហ៊ុន Google ថាជាឧបករណ៍ប្រើប្រាស់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីរកពិន្ទុនយោបាយ៕