(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបើកដំណើរការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ហើយ ចាប់ពីថ្ងៃទី១៧-២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈជាឆ្នាំដំបូង ដែលសហព័ន្ធផ្ដោតការរៀបចំការប្រកួតកម្រិតថ្នាលអាយុក្រោម ១៨ឆ្នាំ ជាមួយគោលបំណង ៣សំខាន់ៗ។

លោក ខូវ ឆាយ ប្រធានសហព័ន្ធ បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងមានកិច្ចសហការពីរដ្ឋបាលខេត្តកំពង់ឆ្នាំង និងវិស័យឯកជន ដើម្បីជំរុញការរៀបចំឲ្យប្រព្រឹត្តទៅដោយរលូន និងមានភាពអធិកអធម។ ចំពោះគោលបំណងសំខាន់ នៃការប្រកួតជើងឯកថ្នាក់ជាតិ ដែលផ្ដោតលើថ្នាល U18 ខាងលើ រួមមាន៖

១. ផ្តល់ឱកាសដល់យុវជន សិស្សានុសិស្ស បានចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីគុនខ្មែរថ្នាល ដែលមានទេពកោសល្យ ចូលរួមប្រកួតតំណាងជាតិ ក៏ដូចជាបង្កើនចំនួនកីឡាករ-កីឡាការិនីឆ្នើមឲ្យកាន់តែច្រើនបន្ថែមទៀត។
២.ផ្តល់ឱកាសដល់មន្រ្តីបច្ចេកទេសសហព័ន្ធកីឡាជាតិ បានអនុវត្តការងារជាក់ស្តែង ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍បច្ចេកទេសជំនាញកាន់តែល្អប្រសើរ។
៣.លើកកម្ពស់គុណភាពនៃការរៀបចំការប្រកួតត្រៀមលក្ខណៈឆ្ពោះទៅការប្រកួតអន្តរជាតិនានា។

គួរដឹងថា ការប្រកួតគុនខ្មែរជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលពន្យារពេលមករៀបចំនៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៥ នេះ គឺរាជធានី-ខេត្ត និងក្រសួងចូលរួមសរុបចំនួន ១៥ ដែលមានកីឡាករ-កីឡាការិនីវ័យក្មេងចំនួន ១៣៩នាក់ចូលរួម ដោយប្រកួតលើ ១៩វិញ្ញាសា។ សម្រាប់ពិធីបើកការប្រកួតនេះដែរ ក៏មានការចូលរួមពីលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា តំណាងក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕