(ភ្នំពេញ)៖ ធនាគារ អេស ប៊ី អាយ លី ហួរ បានចូលរួមជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំទិវានៃក្តីស្រឡាញ់ ក្នុងបរិបទ «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» ដែលមានចំនួនអ្នកចូលរួមបរិច្ចាគឈាម ១.១៦៧នាក់ រួមទាំងគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ ធនាគារ អេស ប៊ី អាយ លី ហួរ។
ទិវានេះបានធ្វើឡើង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្បែរមន្ទីរពេទ្យរុស្ស៊ី ក្នុងគោលបំណងជួយជនរងគ្រោះដែលកំពុងមានតម្រូវការឈាម និងបង្កើនបរិមាណឈាមក្នុងឃ្លាំងស្តុកទុកឈាមរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីធ្វើការប្រើប្រាស់នៅពេលចាំបាច់។ ការចូលរួមបរិច្ចាគឈាម គឺជាការចាំបាច់បំផុតព្រោះឈាមមិនអាចធ្វើការនាំចូលពីបរទេស ឬផលិតដោយរោងចក្រឱសថណាមួយបាននោះឡើយ។
ក្នុងរយៈពេលប្រាំឆ្នាំមកនេះ ធនាគារ អេស ប៊ី អាយ លី ហួរ ជាធនាគារមានភាពច្នៃប្រឌិត និងគួរឱ្យទុកចិត្ត ដើម្បីភាពរីកចម្រើន បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលរួមមានវិស័យសំខាន់ៗ ដូចជា វិស័យអប់រំ ដោយធនាគារបានឧបត្ថម្ភដល់សាលានៅក្នុងតំបន់ដាច់ស្រយ៉ាលដើម្បីជួសជុលអគារសិក្សា វិស័យសុខាភិបាល ដោយធនាគារបានចូលរួមបរិច្ចាគឈាម វិស័យកីឡា ដោយធនាគារបានជួយឧបត្ថម្ភដោយផ្ទាល់ដល់សាលារៀន និងវិស័យសង្គមកិច្ច ដោយធនាគារបានចូលរួមដាំកូនឈើ ផ្តល់ស្បៀងអាហារ និងរបស់របរចាំបាច់ដល់គ្រួសារដែលទទួលរងគ្រោះដោយទឹកជំនន់កន្លងមក និងផ្តល់ធុងសំរាមដាក់នៅតាមទីសាធារណៈផងដែរ។
យើងនៅតែគាំទ្រសកម្មភាពមនុស្សធម៌របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីបង្កើនចំនួនបរិមាណការ បរិច្ចាគឈាមឱ្យកាន់តែច្រើនឡើង និងធ្វើជាគំរូល្អក្នុងសកម្មភាពមនុស្សធម៌មួយនេះ។
សូមបញ្ជាក់ថា ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានបើកបម្រើសេវាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ នៅឆ្នាំ២០១២ ហើយបានប្រែក្លាយខ្លួនទៅជាធនាគារពាណិជ្ជ ក្រោយពីទទួលបានអាជ្ញាបណ្ណធ្វើប្រតិបត្តិការធនាគារពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូជាយុទ្ធសាស្រ្តរវាង លោកអ្នកឧកញ៉ា លី ហួរ និងក្រុមហ៊ុនជប៉ុនដ៏ធំ SBI Holdings, Inc.។
បច្ចុប្បន្ននេះធនាគារ អេស ប៊ី អាយ លី ហួរ មានបណ្តាញសាខាប្រតិបត្តិការទូទាំង២៥ខេត្ត និងរាជធានី ក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មជាង ១.០០០ លានដុល្លារអាមេរិក មានសាខាសរុបចំនួន៥០ទីតាំង និងមានម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ (ATM/CRM) សរុបជាង៣០កន្លែង ដែលបានដាក់ដំណើរការនៅទីតាំងសក្តានុពលផ្សេងៗគ្នា។
ស្របពេលជាមួយគ្នានេះផងដែរ ធនាគារក៏កំពុងពង្រីកបណ្តាញសាខា និងដាក់បន្ថែមនូវម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ (ATM/CRM) សេវាផ្ទេរប្រាក់នៅក្នុងនិងក្រៅស្រុក តាមរយៈប្រព័ន្ធ Swift, Ripple, MoneyGram និងធនាគារចល័តឌីជីថលផងដែរ ដើម្បីពង្រីកវិសាលភាពប្រតិបត្តិការធនាគារក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនឱ្យកាន់តែល្អប្រសើរឡើង និងទៅតាមតម្រូវការរបស់អតិថិជន៕