(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពមនុស្សធម៌ ក្រោមមូលបទ «យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីសង្គ្រោះជីវិត» បានទទួលជោគជ័យលើសការរំពឹងទុក ដោយទទួលបានការបរិច្ចាឈាមរហូតដល់ ១២៥៧សាក់ ក្នុងរយៈពេល ១ថ្ងៃ។
នេះបើតាមប្រសាសន៍លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ក្នុងការប្រកួតមិត្តភាពរវាងក្រុមពិធីករកីឡាកម្ពុជា និងក្រុមបាល់ទាត់គុនខ្មែរ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅកីឡដ្ឋានស្ដាតចាស់ ខណៈការប្រកួតបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ៤-៤។ លោកបានគាំទ្រ និងចង់ជំរុញសកម្មភាពប្រកួតដើម្បីមនុស្សធម៌នេះ ពិសេសការបរិច្ចាគឈាម ក្លាយជាចលនាជាប្រចាំមួយ ដើម្បីជួយសង្គ្រោះអ្នកជំងឺដែលត្រូវការឈាមជាបន្ដបន្ទាប់។
លោក ហ៊ុន ម៉ានី បានរំឮកថា ព្រឹត្តិការណ៍នេះកើតឡើងបាន ក្រោយមានការជួយជ្រោមជ្រែង និងណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលគាំទ្រលោកធ្វើជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា និងគាំទ្រឲ្យមានសកម្មភាពផ្សេងៗ ជាក់ស្ដែងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពមនុស្សធម៌កាលពីម្សិលមិញ ដែលធ្វើឲ្យលោកមានការសប្បាយរីករាយ និងកាន់តែមានមោទនភាព ដែលមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមបរិច្ចាគឈាម។
កម្មវិធីសប្បុរសធម៌ ពិសេសការផ្ដោតលើការផ្ដល់ឈាម និងការអំពាវនាវដល់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ ពិតជាមានសារៈសំខាន់ណាស់។ ទិន្នន័យចុងក្រោយ ដ្បិតបេសកកម្មគោលដៅចង់បានត្រឹម ១០០០សាក់ តែបានឈានដល់ ១២៥៧សាក់ ទោះបីត្រូវបញ្ចប់មុនម៉ោងក្ដី។ អ្វីដែលពិសេស គឺមានពលរដ្ឋស្ម័គ្រចិត្តចូលរួមបរិច្ចាគលើសពី ១២៥៧នាក់ តែដោយសារអ្នកខ្លះ មានស្ថានភាពសុខភាពមិនអំណោយផល អ្នកខ្លះមានឈាមប្រភេទ (B) ដែលបច្ចុប្បន្នមជ្ឈមណ្ឌលជាតិផ្ដល់ឈាម មិនទាន់ទទួល និងរង់ចាំផ្ដល់ពេលក្រោយ។ នេះឆ្លុះបញ្ចាំងពីទំហំទឹកចិត្តដ៏ធំធេងរបស់ពលរដ្ឋកម្ពុជា។
លោកឧបនាយករដ្ឋមន្ដ្រី បានលើកឡើងថា «ខ្ញុំនឹកឃើញអ្វីដែលពុក (សម្ដេចតេជោ ហ៊ុន សែន) បានលើកឡើង ពេលខ្លះ យើងម្នាក់ៗចង់ជួយសង្គម តែលទ្ធភាព ទាំងថវិកា និងសម្ភារ អាចមិនដូចគ្នា តែអ្វីដែលអាចបរិច្ចាគបាន គឺឈាមរបស់យើង ហើយឈាមរបស់យើង មានលក្ខណៈឯកជនបំផុតហើយ។ ឆ្លៀតឱកាសនេះ ក៏សូមថ្លែងអំណរគុណ ទៅដល់អ្នកពាក់ព័ន្ធទាំងអស់ បងប្អូន អ៊ុំពូមីន បងប្រុស បងស្រី ដែលបានចូលរួមការបរិច្ចាគឈាម គួរផ្សំទាំងក្រុមគ្រួសារ ស.ស.យ.ក ដែលបានមកចូលរួមចំណែកក្នុងការផ្ដល់ឈាម»។
លោកបន្ដថា «ការចូលរួមរបស់យើងម្នាក់ៗ ទី១-ប្រាកដណាស់ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ពិតជាមានការសប្បាយចិត្ត ហើយការបំបែកកំណត់ត្រា ព្រោះថាការបរិច្ចាគឈាម ១២៥៧សាក់ ក្នុងរយៈពេល ១ថ្ងៃ គឺជាការបំបែកកំណត់ត្រាមួយធំ។ ប៉ុន្ដែលើសពីនេះ គឺអ្វីដែលការចូលរួមចំណែករបស់យើង គឺទៅដល់សមាជិក ក្រុមគ្រួសារ ដែលត្រូវការឈាម ជាលក្ខណៈយថាហេតុ និងជាលក្ខណៈភ្លាមៗ។ យើងសង្ឃឹមថា ឈាមរបស់យើងម្នាក់ៗ នឹងជួយសង្គ្រោះដល់អាយុជីវិតអ្នកដែលត្រូវការឈាមរបស់យើង»។
លោកសង្ឃឹមថា វប្បធម៌នេះ នឹងមានជាបន្ដបន្ទាប់ទៀត ស្របពេលថ្នាក់ដឹកនាំ និងសមាជិកក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបានពិគ្រោះយោបល់គ្នា ចង់ធ្វើសកម្មភាពនេះជាប្រចាំ ដោយផ្ដោតអារម្មណ៍លើការងារមនុស្សធម៌ ហើយធំជាងគេ គឺផ្ដោតលើចលនាផ្ដល់ឈាម ដើម្បីចូលរួមជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងរាជរដ្ឋាភិបាល ក្នុងការបញ្ជ្រាបសារអប់រំឲ្យអ្នកចង់បរិច្ចាគឈាម មានជំនឿទុកចិត្ត មានឆន្ទៈ ហើយចូលរួមជាមួយគ្នា ហើយអាចឈានដល់ការជួយឧបត្ថម្ភ ឬការផ្ដល់ឈាមជាប្រចាំដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ហើយប្រាកណាស់ មជ្ឈមណ្ឌមានស្ដុកឈាម សម្រាប់ជួយសង្គ្រោះអ្នកត្រូវការឈាមជាបន្ដបន្ទាប់។
លោក ហ៊ុន ម៉ានី បន្ថែមថា «ការរៀបចំការប្រកួតបាល់ទាត់ដើម្បីសប្បុរសធម៌ ចលនាដើម្បីមានការបរិច្ចាគឈាម ១០០០សាក់ គឺជាជំហានដំបូង តែយើងកំពុងរួមគ្នាគិតគូរបន្ថែមទៀត ធ្វើយ៉ាងណាឲ្យមាននិរន្ដរភាព ហើយនេះគឺជាអ្វីដែលយើងខ្ញុំទាំងអស់គ្នា ក្នុងនាមជាក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា គឺយើងនឹងខិតខំប្រឹងប្រែងបន្ដទៅមុខទៀត។ ខ្ញុំពិតជាពេញចិត្ត ដែលបានមករួមចំណែកជាមួយពួកគាត់ទាំងអស់គ្នា»។
ស្របជាមួយផែនការជំរុញសកម្មភាពប្រកួតបាល់ទាត់ដើម្បីមនុស្សធម៌ ដើម្បីលើកកម្ពស់ចលនាបរិច្ចាគឈាមនេះដែរ លោកក៏បានគូសពញជាក់ដែលថា មិនមែនដើម្បីបំបែបកំណត់ត្រាទេ តែកត្ដាធំបំផុត គឺគ្រប់ភាគីពាក់ព័ន្ធ ចង់ឲ្យមានការចូលរួមបរិច្ចាគឈាមកាន់តែច្រើន ដើម្បីបង្កើនចំនួនឈាមទុកឲ្យមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ជួយដល់ប្រជាពលរដ្ឋដែលត្រូវការ។ ដូច្នេះក្រោយព្រឹត្តិការណ៍បាល់ទាត់មនុស្សធម៌ ថ្ងៃទី១៨-កុម្ភៈនេះ នឹងជំរុញឲ្យប្រជាពលរដ្ឋបានយល់ដឹងអំពីអត្ថប្រយោជន៍នៃការផ្ដល់ឈាមកាន់តែទូលំទូលាយ ហើយចូលរួមបរិច្ចាគឈាមកាន់តែច្រើន ជាមួយភាពជឿជាក់ថា ការបរិច្ចាគឈាមម្នាក់ៗ គឺចំគោលដៅនៃការជួយសង្គ្រោះអាយុជីវិតមនុស្សយ៉ាងពិតប្រាកដ។
យោងតាមរបាយការណ៍លោកវេជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបង្ហាញថា ការបរិច្ចាគឈាមក្នុងថ្ងៃទី១៨ ខែកុម្ភៈ កំឡុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីមនុស្សធម៌ខាងលើ គឺបានលើសពីចំនួនគ្រោងទុក ពោលគឺមានអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមរហូតដល់ ១២៥៧សាក់។ ដោយក្នុងនោះឈាមក្រុមA ចំនួន ៣៣៤សាក់, ក្រុមB ចំនួន ២៤០សាក់, ក្រុម AB ចំនួន ១២៣សាក់ និងឈាមក្រុម O ចំនួន ៥៦០សាក់ ។ ចំណែកក្រុមឈាមប្រភេទB+ ចំនួន ៣១៥នាក់ទៀត នឹងត្រូវបរិច្ចាគនៅបីសប្តាហ៍បន្ទាប់៕