(បរទេស)៖ ក្រុមហ៊ុន Huawei បានដាក់បង្ហាញជាផ្លូវការនូវស្មាតហ្វូន Mate XT trifold របស់ខ្លួននៅខាងក្រៅប្រទេសចិន ដែលជាជំហានដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការដណ្តើមយកទីតាំងនៅក្នុងទីផ្សារពិភពលោកឡើងវិញ បន្ទាប់ពីមានការធ្លាក់ចុះពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ស្មាតហ្វូនអេក្រង់បត់ ៣ តង់នេះត្រូវបានគេរាយការណ៍ថា នឹងមានតម្លៃប្រហែល ៣,៦៦០ដុល្លារ ខណៈចំនួនដាក់លក់មានកំណត់។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្រុមហ៊ុន Huawei នៅមិនទាន់ប្រកាសនៅឡើយនោះទេថាម៉ូដែលនេះ នឹងមានលក់នៅប្រទេសណាខ្លះ ប៉ុន្តែក្រុមហ៊ុនបានប្រាប់អ្នកប្រើប្រាស់ឱ្យរកមើលការប្រកាសក្នុងស្រុក។ យ៉ាងណា​ តាមរយៈការត្រួតពិនិត្យរបស់ CNBC បានរកឃើញថា ឧបករណ៍នេះត្រូវបានចុះបញ្ជីសម្រាប់លក់នៅក្នុងប្រទេសអ្នកមាន អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម។

ស្មាតហ្វូននេះ​ ត្រូវបានចេញលក់ជាលើកដំបូងនៅក្នុងប្រទេសចិនកាលពីឆ្នាំមុន ហើយបានទាក់ទាញចំណាប់អារម្មណ៍ទូទាំងពិភពលោកសម្រាប់ការក្លាយជាស្មាតហ្វូនអេក្រង់បត់ ៣ តង់ ឬ Trifold phone ដំបូងគេដែលមិនធ្លាប់មាន។ Huawei ធ្លាប់ជាអ្នកលេងស្មាតហ្វូនដ៏ធំបំផុតនៅលើពិភពលោក ហើយបានប្រកួតប្រជែងជាមួយ Apple និង Samsung នៅក្នុងផ្នែកពិសេសនៃទីផ្សារ។

គួរជម្រាបថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលចាប់ផ្តើមនៅឆ្នាំ ២០១៩ បានកាត់ផ្តាច់ការចូលដំណើរការរបស់ក្រុមហ៊ុន Huawei ក្នុងការឈានទៅមុខនៃបន្ទះឈីប និងប្រព័ន្ធប្រតិបត្តិការ Android របស់ Google ដែលបណ្តាលឱ្យចំណែកទីផ្សារធ្លាក់ចុះ។ មិនត្រឹមតែប៉ុណ្ណោះ វាត្រូវបានលុបចោលទាំងស្រុងពីទីផ្សារអន្តរជាតិថែមទៀតផង ខណៈដែលម៉ាកផ្សេងទៀតត្រូវបានចូលមកជំនួសតំណែង។ ចំណែកទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei នៅខាងក្រៅប្រទេសចិនមានត្រឹមតែ ០.៣% ប៉ុណ្ណោះ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ International Data Corporation ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសចិន ចំណែកទីផ្សាររបស់ក្រុមហ៊ុន Huawei បានកើនឡើងដល់ ១៧% ក្នុងឆ្នាំ២០២៤ ពី១២% ឆ្នាំមុន បើយោងតាម ​​IDC ដោយសារការត្រលប់មកវិញដែលបានចាប់ផ្តើមនៅចុងឆ្នាំ ២០២៣ នៅពេលដែលវាបានបញ្ចេញស្មាតហ្វូនដែលមានបន្ទះឈីបកម្រិតខ្ពស់៕