(បរទេស)៖ ទីភ្នាក់ងារសារព័ត៌មាន​ Bloomberg បានរាយការណ៍មកថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់កំពូលមហាសេដ្ឋីលោក​ Elon Musk កំពុងចរចារដើម្បីរៃអង្គាសប្រាក់ពីអ្នកវិនិយោគក្នុងតម្លៃ ៤៤ពាន់លានដុល្លារ ខណៈស្មើនឹង​តម្លៃ​ដូចគ្នា​ដែល​ Musk បាន​ទិញយក​ក្រុមហ៊ុន X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter ​ក្នុង​ឆ្នាំ២០២២។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

ប្រភពដដែលបានគូសបញ្ជាក់ថា ការពិភាក្សាសម្រាប់ជុំហិរញ្ញប្បទានថ្មីនៅតែកំពុងបន្ត ហើយព័ត៌មានលម្អិតអាចផ្លាស់ប្តូរ ដោយបន្ថែមថាក្រុមហ៊ុនក៏អាចបោះបង់ចោលកិច្ចពិភាក្សាផងដែរ។ យ៉ាងណា​ ជុំវិញព័ត៌មានលម្អិតអំពីរបាយការណ៍នេះ X នៅមិនទាន់មានការឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយពី​ Reuters នៅឡើយនោះទេ។

គួរជម្រាបថា កិច្ចពិភាក្សានេះកើតឡើងបន្ទាប់ពីមានរបាយការណ៍កាលពីខែមុនថា វិនិយោគិនធំ Morgan Stenly, Bank of America និង Barclays កំពុងត្រៀមខ្លួនលក់បំណុលរហូតដល់ ៣ ពាន់លានដុល្លារនៅក្នុង X។ យ៉ាងណា គេនៅមិនទាន់អាចកំណត់បាននៅឡើយនោះទេ ថាវាបណ្តាលមកពីកត្តាអ្វីឱ្យពិតប្រាកដ៕