(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រីបណ្ឌិត ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពបើកព្រឹត្តការណ៍កីឡាបាល់ទាត់ ដើម្បីអបអរសាទរ ពិធីបុណ្យរ៉ាម៉ាឌន ឆ្នាំ២០២៥ នៅទីលានប្រកួតបាល់ទាត់ភូមិខ្ពបទី២ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះលោក ប៉ែន កុសល្យ បានអបអរសាទរចំពោះការបង្កើតឱ្យមានព្រឹត្តការណ៍នេះឡើង ព្រមទាំងសំណូមពរឱ្យមានការរៀបចំព្រឹត្តការណ៍នេះជារៀងរាល់ឆ្នាំផងដែរ។

លោកអភិបាលខេត្ត បន្តថា ចំពោះទីតាំងនៃការនៃការរៀបចំនេះ និងដាក់ជាទីតាំងដីរបស់សហគមន៍ខ្ពប២ ដែលអនុញ្ញាតិឱ្យបងប្អូនប្រជាពរលរដ្ឋនៅក្នុងសហគមន៍ទាំងអស់រៀបចំជាទីកន្លែងសម្រាប់ប្រើប្រាស់រួមគ្នាក្នុងសហគមន៍ និងសូមប្អូនៗជាកីឡាករទាំងអស់ខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីដណ្តើមបាននូវជ័យជំនះ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី ដាំ ដារីនី បានថ្លែងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រែក្លាយកម្ពុជាទៅជាមូលដ្ឋានគ្រឹះនៃភាពរីកចម្រើនរបស់ប្រទេសជាតិ និងជានិមិត្តរូបនៃភាពធន់។

ជាមួយគ្នានេះ កម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំ កំពូលឥស្លាម ដែលរៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម ក្រោមប្រធានបទ «ឥស្លាម និងពុទ្ធសាសនា» នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំកំពូលឥស្លាម។

ទន្ទឹមនេះគ្រប់បណ្តាវិស័យទាំងអស់មានភាពរីកចម្រើន ជាក់ស្តែងដូចព្រឹត្តការណ៍ប្រកួតកីឡានៅថ្ងៃនេះ គឺព្រោះមានសុខសន្តិភាពទើបយើងអាចលេងកីឡាបាន ស្រមតាមពាក្យស្លោក “កីឡារស់ក្រោមដំបូលសន្តិភាព”។

ជាចុងក្រោយលោកស្រី រដ្ឋលេខាធិការ បានធ្វើការអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមនិងញាំងព្រឹត្តការណ៍កីឡានេះឱ្យមានភាពសប្បាយរីករាយ និងសំណូមពរឱ្យកីឡាករទាំងអស់កុំបង្កកីឡាទៅជាជម្លោះរវាងគ្នានិងគ្នា ឱ្យមានភាពរលូនព្រោះយើងសុទ្ធសឹងតែជាខ្មែរដូចគ្នា ដូចនេះសូមមានការរួបរួមសាមគ្គីគ្នា៕