(ម៉ាឌ្រីដ)៖ ក្រុមការពារតំណែងជើងឯក Real Madrid អាចនឹងប៉ះ Bayer Leverkusen ឬក៏ក្រុមអេស្ប៉ាញដូចគ្នា Atletico Madrid សម្រាប់វគ្គ ១៦ក្រុមចុងក្រោយពានអឺរ៉ុប ក្រោយទម្លាក់ Manchester City ចេញពី UEFA Champons League 2024-25 រួចមក។
អតីតក្រុមជើងឯកអឺរ៉ុប ១៥សម័យកាលច្រើនជាងគេដាច់មួយនេះ បានបន្តយកឈ្នះក្រុមមកពីអង់គ្លេស Man City ៣-១ នាយប់មិញ ដើម្បីបញ្ចប់ជើងទី២ នៃវគ្គជម្រុះប្រជែងកៅអីវគ្គ ១៦ក្រុម បន្ថែមលើជ័យជម្នះ ៣-២ កាលពីជើងទី១ នៅកីឡដ្ឋាន Etihad។
នេះមានន័យថា ក្រុមរបស់លោក Carlo Ancelotti បានទទួលជ័យជម្នះលើមេឃខៀវ ដែលជាជើងឯកលីគ Premier League ៦-៣ ទាំង ២ជើង។ ពួកគេអាចប៉ះក្រុម AT ក្នុងលីគ La Liga ដូចគ្នា ឬក៏ Bayer Leverkusen ដែលជាជើងឯក Bundesliga របស់អាល្លឺម៉ង់ ក្នុងពិធីចាប់ឆ្នោតនាថ្ងៃសុក្រស្អែកនេះ។
ជាមួយគ្នានោះ Borussia Dortmund ក៏បានរួមដំណើរជាមួយ Bayern Munich ក្នុងការឡើងទៅវគ្គបន្ទាប់ដែរ គ្រាដែល Paris Saint Germanin របស់បារាំង និង PSV Eindhoven របស់ហូឡង់ ក៏បានឆ្លងផុតវគ្គជម្រុះប្រជែងកៅអីទៅវគ្គ ១៦ក្រុមដូចគ្នា ដោយបានយកឈ្នះ Brest និង Juventus រៀងៗខ្លួន៕