(ឡុងដ៍)៖ ហង្សក្រហម Liverpool បានធ្វើការវាយបកតាមស្មើ ២-២ វិញទល់នឹងម្ចាស់ផ្ទះ Aston Villa នាយប់មិញនេះ ដើម្បីបន្តប្រវត្តិលេងមិនចាញ់ គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៤ មកក្នុងលីគកំពូលអង់គ្លេស Premier League 2024-25។
តាមរយៈ ១ពិន្ទុក្រៅដីនៅកីឡដ្ឋាន Villa Park ប្រចាំសប្តាហ៍ទី២៦ ជើងទី២ នេះដែរបានញាំងឱ្យក្រុមរបស់លោក Arne Slot រកបាន ៦១ពិន្ទុ បន្តគ្រប់គ្រងតំណែងកំពូលតារាងលីគដ៏រឹងមាំ នាំមុខក្រុមលេខ២ កាំភ្លើងធំ Arsenal ៨ពិន្ទុ គ្រាដែល Aston ឈរលេខ៩ មាន ៣៩ពិន្ទុ។
ខ្សែការពារអន្តរជាតិអង់គ្លេស Trent Alexander-Arnold ដែលផុតកិច្ចសន្យាជាមួយ Liverpool នៅបំណាច់រដូវកាលនេះ ជាអ្នករកបានគ្រាប់តាមស្មើ ២-២ ក្រោយទទួលបាល់ពីមិត្តរួមក្រុម Mohamed Salah នៅនាទី៦១ ដ្បិតប្រធានក្រុមជម្រើសជាតិអេហ្ស៊ីប ជាអ្នករកគ្រាប់បែកពងមាន់តាំងពីនាទី២៩ មុនពេលត្រូវបានម្ចាស់ផ្ទះ Aston វាយបកនាំមុខ ២គ្រាប់វិញ។
តាមរយៈលទ្ធផលនេះ Liverpool បន្តកំណត់ត្រាលេងមិនទាន់ចាញ់ឡើយ គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៤ ក្រោយពេលពួកគេចាញ់ក្រុម Nottingham Forest ១ទល់នឹង០ តែមួយលើកគត់។
Liverpool ដែលឈ្នះជើងឯកលីគចុងក្រោយកាលឆ្នាំ២០២០ ត្រូវធ្វើដំណើរទៅប៉ះក្រុមការពារតំណែងជើងឯក Manchester City នៅរាត្រីថ្ងៃអាទិត្យចុងក្រោយនេះ ដែលពួកគេបានបំបាក់ ២-០ កាលពីជើងទី១ នៅទឹកដី Anfield៕