(ភ្នំពេញ)៖ លោក Peter Koo នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) បានបង្ហាញនូវការគាំទ្រ ចំពោះការដាក់បញ្ចូលនូវប្រព័ន្ធបច្ចេកវិទ្យា ក្នុងវិស័យបាល់ទាត់ ពិសេសក្លិបសមាជិកលីគកំពូលកម្ពុជា នឹងបង្កើនភាពងាយស្រួល ហើយទាកទាញអ្នកគាំទ្រ(Fan) ចូលរួមទស្សនាការប្រកួតបានកាន់តែច្រើន។

ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីលោកបានចូលរួមក្នុងសិក្ខាសាលា ស្ដីពីការបើកដំណើរការផ្លូវការនូវមុខងារថ្មី «ភ្នាក់ងារលក់សំបុត្រ» ដើម្បីទទួលបានកម្រៃជើងសារពីការលក់សំបុត្ររបស់ Stadium-X កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានការចូលរួមពីតំណាងក្លិបដៃគូសហការ ដូចជាក្លិបភ្នំពេញក្រោន, អង្គរថាយហ្គឺរ, ក្រសួងមហាផ្ទៃ និង ISI ដង្កោសែនជ័យ ព្រមទាំងតំណាងក្លិបផ្សេងៗ និងបណ្ដាញផ្សព្វផ្សាយជាច្រើនផងដែរ។

នាយក CPL ខាងលើបន្ដថា បច្ចុប្បន្នបាល់ទាត់ជាតិ ក៏ដូចជាលីគកំពូលកម្ពុជា កំពុងទាក់ទាញការគាំទ្រច្រើន តែដើម្បីទាក់ទាញការគាំទ្របន្ថែមទៀត ត្រូវការការដាក់បញ្ចូលនូវបច្ចេកវិទ្យា ដែលជាការឆ្លើយតបសម័យឌីជីថល ស្របពេលប្រជាពលរដ្ឋ និយមប្រើប្រាស់បណ្ដាញសង្គម ដើម្បីផ្ដល់នូវភាពងាយស្រួលក្នុងការទិញសំបុត្រ ជាមួយអត្ថប្រយោជន៍ និងកម្មវិធីជាច្រើន ។ នេះគឺជាអ្វីដែល StadiumX កំពុងរួមចំណែកទាក់ទាញអ្នកគាំត្រនៅកម្ពុជា។

លោក Peter Koo បានលើកឡើងថា «ខ្ញុំរីករាយមែនទែន ដែលឃើញ StadiumX កំពុងតែធ្វើដំណើរទៅមុខ ហើយសំខាន់មែនទែន ។ ខ្ញុំជឿជាក់ថា បាល់ទាត់ គឺភ្ជាប់ជាមួយបច្ចេកវិទ្យា ដូចយើងឃើញណ្ដាប្រទេសផ្សេងៗ គេធ្វើបាល់ទាត់ តែងភ្ជាប់ជាមួយបច្ចេកវិទ្យា និងការច្នៃប្រឌិត ។ អ៊ីចឹងក្នុងនាម CPL ហើយក្នុង CPL ផ្ទាល់ យើងមានកំពុងតែមានតម្លៃរបស់យើងមួយ គឺការច្នៃប្រឌិត យើងត្រូវតែធ្វើដំណើរទៅមុខ»។

លោក ធុល រិទ្ធី សហស្ថាបនិក Stadium-X បានបញ្ជាក់ថា រយៈពេល ១ឆ្នាំចុងក្រោយ ដែលលោកបានសហការជាមួយក្លិបចំនួន ៤ នៃលីគកំពូលកម្ពុជា មានអ្នកគាំទ្រចូលរួមជាង ៦ពាន់ ។ តួរលេខនេះ ត្រូវបានចាត់ទុកជាសញ្ញាណវិជ្ជមានមួយ ពិសេសកំណើនអ្នកចេះប្រើប្រាស់ និងទិញសំបុត្រពីផ្ទះរហូតដល់ ៣០ ទៅ ៤០% ហើយលោកសង្ឃឹមថា នឹងមានកំណើនអ្នកគាំទ្រកាន់តែច្រើន ប្រសិនបើកដំណើរការមុខងារ «ភ្នាក់ងារលក់សំបុត្រ» ដំណើរទៅរលូន។

ទន្ទឹមជាមួយការបន្ថែមមុខងារថ្មីខាងលើ លោកចង់ឲ្យអ្នកគាំទ្រ មិនទាន់ចេះទិញសំបុត្រតាម Online ក៏ដូចជាអ្នកគាំទ្រក្លិបនៅក្រៅស្រុក ងាកមកគាំទ្រលីគកំពូលកម្ពុជា ព្រោះបាល់ទាត់ក្នុងស្រុកបច្ចុប្បន្ន កំពុងមានការអភិវឌ្ឍ និងរីកចម្រើន ពិសេសការប្រកួតប្រជែងដ៏ទាក់ទាញ ។ តាមរយៈនេះ លោករំពឹង បណ្ដាញផ្សព្វផ្សាយល្បីៗ នឹងចូលរួមកម្មវិធីនេះ ដើម្បីលើកកម្ពស់ការគាំទ្រវិស័យបាល់ទាត់ជាតិឲ្យកាន់តែរីកចម្រើន៕