(បរទេស)៖​ ជាការឆ្លើយតបទៅនឹងច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុប (DSA) ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានលុបកម្មវិធីជាង ១៣៥,០០០ ចេញពី App Stores របស់ខ្លួននៅទូទាំងសហភាពអឺរ៉ុប។ សកម្មភាពនេះដែល បានកើតឡើងនៅជុំវិញថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ គឺជាការដកកម្មវិធីដ៏ធំបំផុតតែមួយគត់ចាប់តាំងពីការបង្កើត App Store។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

ច្បាប់សេវាកម្មឌីជីថល (DSA) របស់សហភាពអឺរ៉ុបបានចូលជាធរមានជាបណ្តោះអាសន្ននៅក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានដាក់ចេញនូវច្បាប់មួយចំនួនសម្រាប់វេទិកាអនឡាញ និងគោលដៅនៃការការពារអ្នកប្រើប្រាស់។ DSA បានចាប់ផ្តើមអនុវត្តសម្រាប់វេទិកាអនឡាញទាំងអស់នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់មាត្រា ៣០ និង ៣១​ តម្រូវឱ្យអ្នកបង្កើតកម្មវិធីផ្តល់ «ស្ថានភាពពាណិជ្ជករ» របស់ពួកគេ ដើម្បីដាក់ស្នើកម្មវិធីថ្មី ឬការធ្វើបច្ចុប្បន្នភាពកម្មវិធី សម្រាប់ការចែកចាយនៅលើទឹកដីសហភាពអឺរ៉ុប។

ដើម្បីអនុលោមតាមការណែនាំ Apple បានជំរុញឱ្យ developer ឬអ្នកអភិវឌ្ឍន៍ទាំងអស់ផ្តល់ស្ថានភាពពាណិជ្ជកររបស់ពួកគេត្រឹមថ្ងៃច័ន្ទ ទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយការខកខានក្នុងការធ្វើដូច្នេះ នឹងនាំឱ្យមានការលុបកម្មវិធីរបស់ពួកគេចេញពី App Store។​ យ៉ាងណា យោងតាមទិន្នន័យពី Appfigures (តាមរយៈ TechCrunch) កម្មវិធីជាង ១៣៥,០០០ ដែលអ្នកអភិវឌ្ឍន៍មិនបានផ្តល់ទិន្នន័យពាណិជ្ជករត្រូវបានដកចេញពី App Stores នៅទូទាំងរដ្ឋជាសមាជិកសហភាពអឺរ៉ុបក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ។

គួរជម្រាបថា នៅក្រោមច្បាប់សេវាកម្មឌីជីថល (DSA) ពាណិជ្ជករត្រូវបានកំណត់ថាជាបុគ្គល ឬនីតិបុគ្គលណាមួយ ដោយមិនគិតពីកម្មសិទ្ធិ (ឯកជន ឬសាធារណៈ) ដោយធ្វើសកម្មភាពក្នុងគោលបំណងទាក់ទងនឹងពាណិជ្ជកម្ម។ ជាឧទាហរណ៍ គឺជាអ្នករកលុយពី App Store ពីការទាញយក ការទូទាត់ក្នុងកម្មវិធី ឬការផ្សាយពាណិជ្ជកម្ម។ ស្ថាប័ន និងអ្នកអភិវឌ្ឍន៍ ត្រូវតែផ្តល់ព័ត៌មានទំនាក់ទំនងជាក់លាក់ដើម្បីបញ្ជាក់ពីស្ថានភាពពាណិជ្ជកររបស់ពួកគេនៅពេលចែកចាយកម្មវិធីនៅក្នុងសហភាពអឺរ៉ុបដូចជាលេខទូរស័ព្ទ អាសយដ្ឋាន និងអ៊ីមែលរបស់ពួកគេ៕