(ភ្នំពេញ)៖ តារាសម្តែងធ្លាប់មានឈ្មោះល្បីល្បាញក្នុងពិភពសិល្បៈ អ្នកនាង សុំាង ភស្តា កំពុងតែធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ឡើងវិញសារជាថ្មី បន្ទាប់ពីបានបង្ហាញវត្តមាននៅក្នុងខ្សែភាពយន្តភ័យរន្ធត់មួយមានចំណងជើងថា «កែវភ្នែកនាង»។ ជាមួយនឹងការវិលត្រឡប់មកកាន់វិស័យសម្តែងឡើងវិញនេះ សម្រាប់តារាសម្ដែងអ្នកនាង សុំាង ភស្តា គឺត្រូវបានមហាជនដឹងថា អ្នកនាងបាត់មុខពីសិល្បៈជាង១៥ឆ្នាំមកហើយ។ ភាពយន្តរឿង «កែវភ្នែកនាង» ភាពយន្តភ័យរន្ធត់ដែលជាស្នាដៃថ្មីរបស់ផលិតកម្ម Tiny កំពុងដាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត ដែលប្រជុំទៅដោយតារាសម្តែងល្បីៗជាច្រើនរូប ជាពិសេសវត្តមានតារាសម្តែងអ្នកនាង សុំាង ភស្តា ក៏នឹងធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ។

អ្នកនិពន្ធនិងដឹកនាំរឿង «កែវភ្នែកនាង» បានថ្លែងប្រាប់ឲ្យដឹងថា រឿង «កែវភ្នែកនាង» គឺប្រភេទភាពយន្តដកស្រង់ចេញពីប្រលោមលោក ហើយទំរាំតែផលិតជាភាពយន្តបាន គឺជួបនូវការលំបាកជាច្រើន។ ប៉ុន្តែបើទោះបើជាស្នាដៃនេះ ជួបនូវឧបសគ្គច្រើននៅពេលដំណើរការផលិត និងជាស្នាដៃថ្មីក៏ដោយ តែក៏រំពឹងថា នឹងទទួលបានជោគជ័យ មានទស្សនិកជនអ្នកគាំទ្រចូលចិត្តវិស័យភាពយន្តខ្មែរ ចូលរួមទស្សនាច្រើន។
ងាកមកជួបតួឯកក្នុងរឿង «កែវភ្នែកនាង» អ្នកនាង សុំាង ភស្តា, តារាសម្ដែង កែវ ស្រីណាក់ និងតារាសម្ដែងកុមារី ហ្សាណា តារា ដែលសុទ្ធសឹងជាតួអង្គសំខាន់ៗនៅក្នុងរឿង «កែវភ្នែកនាង» បានឱ្យដឹងព្រមៗគ្នាថា សម្រាប់ការចូលរួមសម្តែងនៅក្នុងរឿងនេះ គឺបានធ្វើឱ្យពួកគេទទួលបាននូវបទពិសោធថ្មីជាច្រើនដែលមិនធ្លាប់មាន។ ទោះបីជាមានការលំបាកក្នុងប្លង់ខ្លះៗ និងបានជួបនូវរឿងរ៉ាវភ័យរន្ធត់ក្នុងពេលកំពុងសម្ដែង ក៏ពួកគេនៅតែពុះពារបានសម្រេច។ ពួកគេនឹងសង្ឃឹមយ៉ាងមុតមាំថា ភាពយន្តរឿង «កែវភ្នែកនាង» នឹងទទួលបានការគាំទ្រច្រើន ហើយពួកគេទាំងអស់គ្នា ក៏សូមអំនាវឲ្យមហាជន ជាពិសេសយុវវ័យ ចួលរួមគាំទ្រភាពយន្តខ្មែររបស់យើងឲ្យបានផុសផុលទាំងអស់គ្នា។

គួរបញ្ជាក់ថា រឿង «កែវភ្នែកនាង» បានផលិតឡើងយ៉ាងសម្រិតសម្រាំងបំផុតរបស់ផលិតកម្ម «Tiny» និងបានចំណាយពេលវេលាយូរជាងរឿងផ្សេងៗ ដោយសារតែអ្នកដឹកនាំរឿងចង់បានភាពយន្តមួយ ដែលមានគុណភាពនិងស្តង់ដារ។ រឿងនេះនិពន្ធឡើងដោយលោក ធឿន វុទ្ធី និងដឹកនាំរឿងដោយ អ្នកនាង ប៊ុន ចន្រ្ទា។ អ្នកទស្សនាជាច្រើនដែលបានចូលរួមទស្សនាដំបូងម្នាក់ៗ បានលាន់មាត់សរសើរមិនដាច់ពីមាត់ថា ភាពយន្តភ័យរន្ធត់រឿង «កែវភ្នែកនាង» ពិតជាល្អមើល៍ ពីព្រោះមានឈុតឆាកភ័យរន្ធត់ និងសាហាវៗជាច្រើនដែលគ្រប់គ្នាគួរតែមកទស្សនា ក្នុងនោះក៏មានបង្កប់ឈុតឆាកអប់រំផងដែរ។ រឿង «កែវភ្នែកនាង» ចាប់ផ្តើមដាក់បញ្ចាំងចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅនៅគ្រប់រោងភាពយន្ត។

សូមរំឭកថា កាលពីថ្ងៃទី ១៩ខែ កុម្ភៈកន្លងមកនេះផលិតកម្ម Tiny បានរៀបចំពិធីសម្ពោធបញ្ចាំងរឿង «កែវភ្នែកនាង» ជាផ្លូវការនៅរោងភាពយន្ត Legend អូឡាំព្យ៉ា ដោយមានការចូលរួមជាច្រើនពីសំណាក់អ្នកគាំ និងសិល្បករសិល្បការិនីជាច្រើន។ តួអង្គសំខាន់ៗនៅក្នុងរឿង «កែវភ្នែកនាង» រួមមានអ្នកនាង សុំាង ភស្តា, កញ្ញា ហុង ច័ន្ទសុវល័ក្ខ, កែវ ស្រីណាក់, កុមាររី កែវ ហ្សាណា, លោក ហេង ប៊ុនលាភ និងលោក ទេព រិន្ទដារ៉ូ ជាដើម៕