(ភ្នំពេញ )៖ តារាចម្រៀងជួរមុខប្រចាំផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា លោកឧកញ៉ា ខេមរៈ សិរីមន្ដ កាលពីពេលថ្មីៗនេះបានដឹកនាំសិល្បករ សិល្បការិនី កីឡាករ កីឡាការិនី និង influencer ល្បីៗប្រចាំប្រទេសកម្ពុជា នាំយកគ្រឿងឧបភោគបរិភោគនឹងអង្ករ ជូនដល់ក្មេងៗកុមារកំព្រាក្នុងមណ្ឌលមែកឈើ។

នៅក្នុងឱកាសដ៏រីករាយជាមួយនឹងការចែករំលែកក្ដីស្រឡាញ់ដល់ក្មួយៗកុមារកំព្រានាពេលនោះ លោកឧកញ៉ា ខេមរៈ សិរីមន្ដ បានបង្ហាញអារម្មណ៍រំភើបនិងរីករាយចំពោះសកម្មភាពមនុស្សធម៌របស់សិល្បៈករ សិល្បៈការិនី កីឡាករ កីឡាការិនី និង influencer ទាំងអស់។

លោកឧកញ៉ា បានបន្ថែមថា នៅពេលដែលលោកមកឃើញក្មេងៗនៅក្នុងមណ្ឌលមែកឈើដោយផ្ទាល់បែបនេះ ធ្វើឱ្យលោកកាន់តែអាណិត កាន់តែស្រឡាញ់។ លោកសង្កត់ធ្ងន់ថា ក្មេងៗនៅមណ្ឌលមែកឈើទាំងអស់សុទ្ធតែជាទំពាំងស្នងឫស្សីទៅថ្ងៃមុខរបស់កម្ពុជា។ លោកឧកញ៉ា ក៏បានជូនពរក្មួយៗទាំងអស់ ឱ្យខិតខំសិក្សារៀនសូត្រ ពេលធំឡើងចូលរួមធ្វើការជូនជាតិ មាតុភូមិរបស់យើង។

ជាមួយនឹងទិសស្លោកចែករំលែក និងផ្សព្វផ្សាយក្ដីស្រឡាញ់ លោកឧកញ៉ាជឿជាក់ថា ការចែករំលែករបស់លោកនាឱកាសនេះ នឹងធ្វើឱ្យមហាជនដទៃទៀតដែលមានបេះដូងស្រឡាញ់ក្មេងៗ និងអ្នកមានទ្រព្យ ធនធាន នឹងចូលរួមបន្ដសកម្មភាពមនុស្សធម៌នេះឱ្យកាន់តែច្រើនឡើងៗបន្ថែមទៀត៕