(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាចិន Lenovo បា​នរាយការណ៍ពីដំណើរការហិរញ្ញវត្ថុដ៏រឹងមាំសម្រាប់ត្រីមាសទី៣ នៃឆ្នាំសារពើពន្ធ២០២៤ ជាមួយនឹងការកើនឡើង ២០% នៅក្នុងប្រាក់ចំណូលដែលឈានដល់ ១៨.៨ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

យោងតាមទិន្នន័យរបស់ LSEG បានបង្ហាញថា Lenovo ដែលជាក្រុមហ៊ុនផលិតកុំព្យូទ័រដ៏ធំបំផុតរបស់ពិភពលោក បានយកឈ្នះការ​រំពឹង​ទុក​របស់​អ្នក​វិភាគ​ចំនួន ១៧.៨២ ពាន់​លាន​ដុល្លារ ខណៈនេះ​ជា​ត្រីមាស​ទី​បី​ជាប់​គ្នា​នៃ​កំណើន​ពីរ​ខ្ទង់។ ដោយឡែកចំពោះ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនវិញបានកើនឡើងទ្វេដងដល់ ៦៩៣ លានដុល្លារ ដែលលើសពីការព្យាករណ៍ដែលបានប៉ាន់ប្រមាណថាមានចំនួន ៣៦៧.៧ លានដុល្លារ។

ការកើនឡើងនេះ ត្រូវបាន IDC រាយការណ៍ថា ស្របពេលដែលកំណើនទីផ្សារកុំព្យូទ័រសកលកំពុងងើបឡើងវិញប្រមាណ ១.៨% បន្ទាប់ពីការធ្លាក់ចុះដោយសារជំងឺរាតត្បាតកូវីដ។ Lenovo បានរក្សាជំហររបស់ខ្លួនជាអ្នកលក់កុំព្យូទ័រដ៏ធំបំផុតសម្រាប់ត្រីមាសទី៣ នៃឆ្នាំ២០២៤ ដោយចាប់យកចំណែកទីផ្សារ ២៤.៥% ជាមួយនឹងការដឹកជញ្ជូនកើនឡើង ៤.៨%។

គួរជម្រាបថា កាលពីខែឧសភាកន្លងទៅ ក្រុមហ៊ុន Lenovo បានបើកដំណើរការកុំព្យូទ័រដែលដំណើរការដោយ AI ដំបូងបំផុតរបស់ខ្លួននៅក្នុងប្រទេសចិន បន្ទាប់មកមានការចេញផ្សាយជាសកលនៅក្នុងខែកញ្ញា។ នាយកប្រតិបត្តិលោក Yang Yuanqing បានព្យាករណ៍ថា AI PCs នឹងមានចំនួនមួយភាគបួននៃការនាំចេញរបស់ក្រុមហ៊ុន Lenovo នៅឆ្នាំ២០២៥ ដែលអាចឈានដល់ ៨០% នៅឆ្នាំ២០២៧៕