(ភ្នំពេញ)៖ មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ ទីក្រុងសាន់វ៉េ ដែលមកពីប្រទេសម៉ាឡេស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយ មន្ទីរពេទ្យកម្ពុជាចំនួន២ គឺមន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស(SSMC) ដើម្បីភ្ជាប់ទំនាក់ទំនងការងារមិត្តភាព រវាង៣មន្ទីរពេទ្យធ្វើការរួមគ្នាបម្រើសហគមន៍ នៅប្រទេសកម្ពុជា។
ភាពជាដៃគូនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងទៅលើកិច្ចសហការ ក្នុងការព្យាបាលថែទាំសុខភាព រវាងស្ថាប័នទាំង៣ និងបានរៀបចំឡើង នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
តាមរយៈកិច្ចព្រមព្រៀងនេះ អ្នកជំងឺដែលទទួលបានការពិគ្រោះ និងរោគវិនិច្ឆ័យដំបូងនៅមន្ទីរពេទ្យ កុមារម៉ាក់ស៊ីឃែរ និងមន្ទីរពហុព្យាបាលស៊ីង-ស្ពេសឹលីស (SSMC) នឹងទទួលបានឱកាសស្វែងរកការពិគ្រោះមតិទីពីរ និងការព្យាបាលបន្ថែមទៀតនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ ដ៏ល្បីល្បាញរបស់ Sunway Healthcare Group នៅទីក្រុង សាន់វ៉េ ប្រទេសម៉ាឡេស៊ី។
ក្នុងភាពជាដៃគូនេះក៏ធានាថា បន្ទាប់ពីការព្យាបាល អ្នកជំងឺដែលត្រឡប់មកកម្ពុជាវិញ នឹងទទួលបានការថែទាំ តាមដានយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ពីសំណាក់មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ និងមន្ទីរពហុព្យាបាលស៊ីង-ស្ពេសឹលីស (SSMC)។
លើសពីនេះទៅទៀត កិច្ចសហការនេះក៏នឹងបង្ហាញពីជំនួបពិគ្រោះដ៏ញឹកញាប់ ពីសំណាក់ក្រុមគ្រូពេទ្យឯកទេស របស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ ទៅកាន់ មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ និងមន្ទីរពហុព្យាបាលស៊ីង-ស្ពេសឹលីស(SSMC) ដែលនាំមកនូវការពិគ្រោះយោបល់ ដែលពោរពេញទៅដោយជំនាញ និងឯកទេស ផ្ទាល់ទៅដល់ប្រជាជនកម្ពុជា។
ក្រុមគ្រូពេទ្យឯកទេសផ្នែកជំងឺកុមារ សរសៃប្រសាទ សម្ភព និងរោគស្ត្រី រោគក្រពះ និងពោះវៀន នឹងបើកដំណើរការគ្លីនិកប្រចាំសប្តាហ៍ ក្នុងមន្ទីរពេទ្យទាំងពីរក្នុងពេលឆាប់ៗនេះ ដើម្បីបង្កើននូវការចូលប្រើប្រាស់ និងការទទួលបានការថែទាំវេជ្ជសាស្រ្តឯកទេស។
ក្នុងពិធីចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងភាពជាដៃគូនេះ មានការអញ្ជើញចូលរួមជាសាក្សីដោយលោក Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងជាតំណាងរដ្ឋាភិបាលម៉ាឡេស៊ី។
លោកវេជ្ជបណ្ឌិត Khoo Chow Huat នាយកគ្រប់គ្រងនៃមន្ទីរពេទ្យ និងប្រតិបត្តិការថែទាំសុខភាព Sunway Healthcare Group បានថ្លែងឲ្យដឹងថា «មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ មានមោទនភាពជាខ្លាំង ក្នុងការក្លាយជាដៃគូថែទាំសុខភាព ដ៏គួរឱ្យទុកចិត្តសម្រាប់ប្រជាជនកម្ពុជា និងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអ្នកពាក់ព័ន្ធផ្នែកសុខភាពទាំងអស់ ដើម្បីបង្កើនសេវាវេជ្ជសាស្រ្ត និងផ្តល់ជាមួយនឹងបទពិសោធន៍នៃ ការព្យាបាលប្រកបដោយសុវត្ថិភាព និងអាចទុកចិត្តបានជាមួយមជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ»។
លោកវេជ្ជបណ្ឌិត Khoo បានបន្ថែមថា តាមរយៈប្រព័ន្ធសារពត៌មាន Newsweek មន្ទីរពេទ្យសាន់វ៉េ បានទទួលចំណាត់ថ្នាក់ ក្នុងចំណោមមន្ទីរពេទ្យកំពូលចំនួន២៥០នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៤ និងជាប់ចំណាត់ថ្នាក់ផ្នែកឯកទេសពេទ្យកុមារ (កំពូលនៅប្រទេសម៉ាឡេស៊ី) ក៏ដូចជាចំណាត់ថ្នាក់ ជាមន្ទីរពេទ្យឯកទេសល្អបំផុតប្រចាំអាស៊ីប៉ាស៊ីហ្វិក២០២៤ ក្នុងប្រព័ន្ធសារពត៌មានNewsweek ផ្នែកវះកាត់ប្តូរជង្គង់ និងត្រគាក ក៏ដូចជាផ្នែកវះកាត់ភ្នែកឡើងបាយ និងភ្នែកឆ្លុះក្នុង និងជាចំណាត់ថ្នាក់មន្ទីរពេទ្យឯកជនកំពូលរបស់អាស៊ី ក្នុងឆ្នាំ ២០២៥ បន្តបន្ទាប់គ្នា។
ចាប់តាំងពីការបង្កើតឡើងរយៈពេល២៥ឆ្នាំកន្លងមក ដើម្បីបំពេញតម្រូវការថែទាំសុខភាព ដែលកំពុងរីកចម្រើនរបស់សហគមន៍ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ បានពង្រឹងភាពរីកចម្រើនរបស់ខ្លួន និងក្លាយទៅជាមន្ទីរពេទ្យឯកជនដ៏ធំបំផុត របស់ប្រទេសម៉ាឡេស៊ី ជាមួយនឹងគ្រែសម្រាកព្យាបាល ដែលមានអាជ្ញាប័ណ្ណចំនួន៨១០ មជ្ឈមណ្ឌលឧត្តមភាព (Centres of Excellence )ចំនួន២៨ និងឯកទេសវេជ្ជសាស្ត្រជាង៦០។
គម្រោងក្នុងការបើកអគារ F ក្នុងឆ្នាំ ២០២៦ - ប្លុកទីប្រាំមួយរបស់មន្ទីរពេទ្យនឹងក្លាយជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រកុមារ ដែលនឹងមានទំហំអាចផ្ទុកប្រហែល ១,១០០ គ្រែសម្រាកព្យាបាល។
លើសពីនេះមជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ ក៏បានក្លាយជាមន្ទីរពេទ្យឯកជនដំបូងគេក្នុងប្រទេស ដែលមានការទទួលស្គាល់ទូទាំងមន្ទីរពេទ្យធំៗចំនួនបី គឺពីគណៈកម្មការចម្រុះអន្តរជាតិ (JCI) Gold Seal of Approval (USA) ក្រុមប្រឹក្សាប្រទេសអូស្ត្រាលីដែលស្តីពីស្តង់ដារថែទាំសុខភាព the Australian Council on Healthcare Standards (ACHS) និងសង្គមម៉ាឡេស៊ីដើម្បីគុណភាពសុខភាព the Malaysian Society for Quality in Health (MSQH) ផងដែ៕