(ភ្នំពេញ)៖ បន្ទាប់ពីបានរៀបចំព្រឹត្តិការណ៍កីឡា ស៊ី អាយ អេ ហ្វឺសត៍ ហ្វាន់រ៉ាន់ ប្រកបដោយភាពជោគជ័យ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នឹងរៀបចំព្រឹត្តិការណ៍កីឡាដ៏គួរឱ្យចាប់អារម្មណ៍ថ្មីមួយទៀត គឺព្រឹត្តិការណ៍កីឡាវាយកូនគោល ស៊ី អាយ អេ ហ្វីសត៍ ដើម្បីផ្តល់បទពិសោធន៍កីឡាដ៏គួរឱ្យអស្ចារ្យដល់មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស និងសាធារណជន។

ព្រឹត្តិការណ៍កីឡាវាយកូនគោល ស៊ី អាយ អេ ហ្វីសត៍ នឹងត្រូវរៀបចំឡើងនៅថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ខាងមុននេះ នៅទីលានវាយកូនគោល វឌ្ឍនៈ ហ្គោលរីហ្សត។

ព្រឹត្តិការណ៍កីឡានេះនឹងផ្តល់ឱកាសដ៏ពិសេសសម្រាប់ការកសាងទំនាក់ទំនងល្អក្នុងសង្គម ការជួបពិភាក្សាជាមួយម្ចាស់ក្រុមហ៊ុនធំៗ និងភាគីពាក់ព័ន្ធដទៃទៀត ស្របតាមការប្តេជ្ញាចិត្តរបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ក្នុងការផ្តល់ការអប់រំកម្រិតពិភពលោកប្រកបដោយគុណភាពខ្ពស់ជូនសិស្សានុសិស្ស។ បន្ថែមលើនេះ ព្រឹត្តិការណ៍កីឡាវាយកូនហ្គោលនេះក៏ចូលរួមពង្រឹងស្មារតីសហគមន៍ ការប្រាស្រ័យទាក់ទងល្អ និងបណ្តុះក្តីស្រឡាញ់កីឡាវាយកូនគោលផងដែរ។

ជាការពិតណាស់ កីឡាវាយកូនគោល គឺជាកីឡាមួយប្រភេទដែលមានលក្ខណៈពិសេសដាច់ដោយឡែក ដ្បិតវាបានផ្តល់បទពិសោធន៍កីឡាដ៏គួរឱ្យអស្ចារ្យសម្រាប់អ្នកចូលរួមទាំងអស់គ្នាដោយគ្មានការរើសអើង។ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ មានជំនឿចិត្តយ៉ាងមុតមាំថា ការរៀបចំព្រឹត្តិការណ៍កីឡានេះនឹងផ្តល់ឱកាសឱ្យសិស្សានុសិស្ស ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ ទទួលបានបទពិសោធន៍នៃការសិក្សាថ្មីមួយបន្ថែមទៀត លើសពីអ្វីដែលពួកគេទទួលបានក្នុងថ្នាក់រៀន ដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ភាពជាដឹកនាំ និងបំណិនសិក្សាពេញមួយជីវិត។

ព្រឹត្តិការណ៍កីឡាវាយកូនគោលនេះ ស្វាគមន៍ការចូលរួមរបស់លោក លោកស្រី និងសិស្សានុសិស្ស ដែលមានសមត្ថភាពវាយកូនគោលគ្រប់កម្រិត មិនថាជាអ្នកលេងកូនគោលជាប្រចាំ ឬជាអ្នកដែលទើបចាប់ ផ្តើមលេងកូនហ្គោលនោះទេ ដោយសាលានឹងរៀបចំឱ្យមានការប្រកួតជាលក្ខណៈមិត្តភាព ការបង្ហាញពីរបៀប លេងពីអ្នកជំនាញ និងឱកាសកសាងទំនាក់ទំនងជូនដល់អ្នកចូលរួមទាំងអស់៕