(ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញការគាំទ្រចំពោះការផ្ដល់ឱកាសដល់យុវជន-យុវនារី បានចូលរួមប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ដើម្បីបង្កើនបានធនធានកីឡាករ-កីឡាការិនីឆ្នើមៗបន្ដវេណកាន់តែច្រើន ក៏ដូចជាបណ្ដុះស្មារតីស្រលាញ់ក្បាច់គុនបុរាណខ្មែរកាន់តែរស់រវើកផងដែរ។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ក្រោយដំណើរការប្រកួតរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៧-២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយជោគជ័យ នៅខេត្តកំពង់ឆ្នាំង ដ្បិតនេះជាឆ្នាំដំបូង ដែលសហព័ន្ធបានផ្ដោតលើយុវជន-យុវនារីអាយុក្រោម ១៨ឆ្នាំ ចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ។

លោក នេត្រ ភក្រ្តា មានប្រសាសន៍ថា «ការប្រកួតនេះ ក៏ជាការបង្ហាញពីគម្រោងផ្សេងៗ នៃគុនខ្មែរ និងធ្វើឲ្យកាន់តែរស់រវើក បណ្តុះស្មារតីស្រឡាញ់នូវកេរមរតកដូនតា ដែលមានតម្លៃដ៏មហាសាលនេះ ព្រមទាំងចូលរួមអភិរក្ស និងអភិវឌ្ឍឱ្យបានគង់វង្សរាប់ជំនាន់តទៅមុខទៀត។ រាជរដ្ឋាភិបាលកម្ពុជា គ្រប់កាលៈទេសៈទាំងអស់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងទៅ និងបច្ចុប្បន្នបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកស្ទួយក្បាច់គុនខ្មែរ ដែលជាកេរមរតកដូនតាខ្មែរ»

ជាមួយគ្នាដែរ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ថា នេះគឺជាយុទ្ធនាការកសាងធនធានមនុស្សនៅកម្រិតមូលដ្ឋាន ដើម្បីបន្តនិរន្តរភាព និងរក្សាបានគុណផលកីឡាធ្វើឲ្យប្រដាល់គុនខ្មែរ នៅតែជាកីឡាសក្តានុពល និងឈានមុខនៅកម្ពុជា ក៏ដូចជាការប្រកួតកម្រិតអន្តរជាតិទាំងក្នុងប្រទេស និងក្រៅប្រទេស ពិសេសធ្វើឲ្យអត្តពលិកប្រដាល់គុនខ្មែរវ័យក្មេង បានបញ្ចេញទេពកោសល្យ ពង្រឹងបច្ចេកទេស ដែលបានហ្វឹកហាត់កន្លងមក ធ្វើយ៉ាងណាសំដៅឲ្យការប្រកួតប្រជែងឈរលើស្មារតីកីឡា គោរពវិន័យ និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌ល្អ ដោយយើងចាប់ផ្តើមពីកម្រិតផ្ទាល់នេះផ្ទាល់តែម្តង។

សម្រាប់ការប្រកួតជើងឯកគុនខ្មែរថ្នាក់ជាតិប្រចាំឆ្នាំនេះដែរ គឺមានសមាគមកីឡាប្រដាល់គុនខ្មែរ ក្រសួង រាជធានី-ខេត្ត បានចុះឈ្មោះចូលរួមចំនួន ១៥ ក្នុងនោះមានកីឡាករ-កីឡាការិនីសរុប ១៣៩នាក់ និងប្រកួតលើ ១៦វិញ្ញាសា ។ ជាលទ្ធផលបច្ចេកទេស គឺក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេ រួមមានមេដាយមាស ៧ ប្រាក់ ២ និងសំរឹទ្ធ ១ សរុប ១០គ្រឿង។

ចំណែកក្រសួងមហាផ្ទៃ ឈរលេខ២ ឈ្នះមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ៦ សរុប ១០គ្រឿង, ខេត្តបាត់ដំបង ឈរលេខ៣ ឈ្នះមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ៣ សរុប ៧គ្រឿង, ខេត្តបន្ទាយមានជ័យ ឈរលេខ៤ ឈ្នះមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ៥ សរុប ៨គ្រឿង, ខេត្តស្វាយរៀង ឈរលេខ៥ ឈ្នះមេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ២ សរុប ៥គ្រឿង, ខេត្តព្រៃវែង ឈ្នះមេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ១ សរុប ៤គ្រឿង និងខេត្តសៀមរាប ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ២ សរុប ៤គ្រឿង៕