(ភ្នំពេញ)៖ លោកស្រីបណ្ឌិត កុយ ពិសី រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មការស្ដ្រី និងកីឡា នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានស្នើថ្នាក់ដឹកនាំសហព័ន្ធកីឡារាំកម្ពុជា ពិចារណាបញ្ចូលចង្វាក់រាំប្រពៃណីជាតិខ្មែរ ក្នុងការប្រកួតថ្នាក់ជាតិ ដើម្បីរួមចំណែកលើកកម្ពស់នូវមរតកសិល្បៈវប្បធម៌អត្តសញ្ញាណជាតិបន្ថែមទៀត។

នេះបើតាមការលើកឡើងក្នុងពិធីបើកការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។ ការប្រកួតប្រចាំឆ្នាំនេះ មានអត្តពលិកអត្តពលិកចំនួន ៧១នាក់ មកពី ៥ក្លិបតំណាងខេត្ត និងក្រសួង-ស្ថាប័នចូលរួម ដែលប្រកួតលើ ១៥វិញ្ញាសា សុទ្ធតែជាវិញ្ញាសាកីឡារាំស្ដង់ដារអន្ដរជាតិ។

ឆ្លៀតឱកាសនោះ លោកស្រីបណ្ឌិត កុយ ពិសី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសហព័ន្ធ ដែលមានលោកស្រី ញ៉ែម មរកត ជាប្រធាន បានជំរុញឲ្យវិស័យកីឡារាំ មានការអភិវឌ្ឍ និងរីកចម្រើនគួរឲ្យកត់សម្គាល់ ។ ប៉ុន្ដែដោយសារការប្រកួតថ្នាក់ជាតិកន្លងមក ផ្ដោតតែកីឡារាំស្ដង់ដារអន្ដរជាតិ លោកស្រីចង់ឲ្យសហព័ន្ធពិចារណាបញ្ចូលចង្វាក់រាំប្រពៃណី ក្នុងការប្រកួតប្រចាំឆ្នាំនេះដែរ ក្នុងគោលដៅលើកស្ទួយចង្វាក់រាំប្រពៃណីជាតិ ដែលបន្សល់ទុកពីបុព្វបុរសខ្មែរ តាំងពីយូរលង់មកហើយ។

ប្រធានគណៈកម្មការស្ដ្រី និងកីឡាដដែលបន្ដថា «បើសិនជាអាចធ្វើបាន យើងគួរញែកជា ២ ឬគួរមានរាំជារបៀបបរទេស(រាំស្ដង់ដារអន្ដរជាតិ) និងការប្រកួតរាំរបៀបចង្វាក់ប្រពៃណីជាតិរបស់យើង ព្រោះឥលូវនេះ យើងប្រកួតប្រជែងជើងឯកថ្នាក់ជាតិ បើសិនជាលោកជំទាវ ញ៉ែម មរកត និងក្រុមការងារ អាចពិភាក្សាគ្នាមើលថា តើនៅពេលយើងមានការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ មានការបែងចែកជា ២ គឺកម្រិតរាំស្ដង់ដារអន្ដរជាតិ និងរាំចង្វាក់ប្រពៃណីជាតិ»

«ចង្វាក់រាំប្រពៃណីជាតិយើង គឺល្អវិសេសវិសាលណាស់ មានរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ ជាដើម ដែលពិភពលោកអត់មានទេ ។ បើយើងលើកស្ទួយ និងជំរុញសិល្បៈចង្វាក់រាំប្រពៃណីជាតិយើង កាន់តែវិសេសវិសាលថែមដទៀត ។ យើងដឹងហើយថា ប្រជាពលរដ្ឋខ្មែរភាគច្រើន រួមទាំងខ្ញុំ ចេះរាំប្រពៃណីខ្មែរច្រើន តែខ្ញុំជឿថា ភាគច្រើន ចេះតៗគ្នាពីឪពុកម្ដាយ ឬជីដូនជីតា ឲ្យតែត្រូវតាមចង្វាក់ ប៉ុន្ដែបើឲ្យចេះតាមក្បួនខ្នាត ប្រហលមិនសូវមានទេ ប្រហែល ៩៥% គឺចេះតៗគ្នា»។ លោកស្រីបណ្ឌិត កុយ ពិសី បន្ថែម។

ទន្ទឹមជាមួយគ្នា លោកស្រី ញ៉ែម មរកត បានបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិ គឺជាឱកាសសម្រាប់កីឡាករ-កីឡាការិនីទាំងអស់ បង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ដែលខិតខំហ្វឹកហាត់កន្លងមក ។

តាមរយៈនេះ លោកស្រី បានជំរុញដល់ថ្នាក់ដឹកនាំសហព័ន្ធ មន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនីទាំងអស់ បន្ដរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ហើយបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់អភិវឌ្ឍន៍សមត្ថភាព និងឆន្ទៈដ៏មោះមុត ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួតលើឆាកអន្ដរជាតិនានា ពិសេសការប្រកួតជើងឯកពិភពលោក ឆ្នាំ២០២៥ នៅប្រទេសវៀតណាម នាពេលឆាប់ៗខាងមុខ៕