(សៀមរាប)៖ តារាល្បីរបស់កម្ពុជា កញ្ញា ស៊ីន យូប៊ីន ​​បាន​ធ្វើ​រឿង​គួរ​ឱ្យ​សរសើរ​មួយ សម្រាប់​ជួយ​ប្រម៉ូដ​ម្ហូប​អាហារ​ខ្មែរ ទៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​របស់ BVLGARI ក្នុង​ខេត្ត​សៀមរាប​នា​ល្ងាច​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ២០២៤ នេះ នៅ​ប្រាសាទ​បាយ័ន តាមរយៈការយកម្ហូបអាហារខ្មែរ ដែលជាស្នាដៃរបស់បងប្អូនខ្មែរលើទឹកដីនៃខេត្តសៀមរាប ដើម្បីទទួលស្វាគមន៍តារាល្បីៗកម្រិតពិភពលោកមកចូលរួមក្នុងកម្មវិធី​របស់ BVLGARI។ ដោយសារ​តែ​កម្មវិធី​​មួយ​នេះ​ជា​ព្រឹត្តិការណ៍​អន្តរជាតិ មាន​តារា​ល្បី​ៗ​ជា​ច្រើន​នាក់​ចូល​រួម ព្រម​ទាំង​នាយក​ប្រតិបត្តិ BVLGARI លោក Jc Babin ថ្នាក់​ដឹកនាំ​កំពូល​នៃ​ក្រុមហ៊ុន​លំដាប់​ពិភពលោក ទើប​តារា​សម្ដែង​ស្រី​ជួរ​មុខ ស៊ីន យូប៊ីន នឹក​ឃើញ​វិធី​សាស្ត្រ ដើម្បី​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុង​តំបន់ តាម​រយៈ​ការ​ប្រម៉ូដ​ម្ហូប​អាហារ​ដែល​កំពុង​ល្បី​ស្រាប់។

ជាក់​ស្ដែង Friends of the House របស់ Bvlgari ដែល​ជា​តារា​ខ្មែរ បាន​ទិញ​នំ​អាកោ​ត្នោត, ប្រហិត​ឆឹង ​គ្រាប់​ស្វាយ​ចន្ទី និង​តំណាប់​ស្វាយ​ទៅ​ជូន​តារា​ល្បី​ៗ​ជា​ច្រើន​ជា Friends of the House មក​ពី​តាម​បណ្ដា​ប្រទេស​នានា ដើម្បី​ភ្លក្ស​រសជាតិ ខណៈ​ដែល​តារា​ល្បីទាំង​អស់​នោះ ក្រោយ​ពី​បាន​ភ្លក្ស​ហើយ ក៏​បង្ហោះ​សរសើរ​ថា​ឆ្ងាញ់​នៅ​លើ​បណ្ដាញ​សង្គម Instagram ​ផ្ទាល់​ខ្លួន​របស់​គេ​ថែម​ទៀត។ នេះ​ជា​ការ​ជួយ​ប្រម៉ូដ​ដោយ​ប្រយោល ​និង​បាន​ទទួល​ផល​ចំណេញ​ខ្លាំង​មែនទែន ព្រោះ​តារា​ដែល​ចូល​រួម BVLGARI AETERNA EVENT នេះ សុទ្ធ​តែ​លំដាប់​​ពិភពលោក​ទៅ​ហើយ។ ដូច​ដែល​គ្រប់​គ្នា​បាន​ឃើញ​ស្រាប់ Mai Davika ជាតារាស្រី​មាន​ប្រជាប្រិយភាព​ខ្លាំង​ទាំង​ក្នុង​តំបន់​អាស៊ី និង​នៅ​អឺរ៉ុប​ក៏​បង្ហោះ​រូប​អង្គុយ​ញ៉ាំ​នំ​អាកោ​ខ្ទិះ និង​ប្រហិត​ឆឹង ​ដែល យូប៊ីន ​ទិញ​ផ្ញើ​ផង​ដែរ។

តារាល្បីៗលំដាប់ពិភពលោកដែលអញ្ជើញមកចូលរួមក្នុងកម្មវិធីនេះ​រួមមាន Ayden Sng តារាសម្ដែងពីប្រទេសសិង្ហបុរី ,Pia Wurtzbach ម្ចាស់មកុដ Miss Universe 2015 មកពីប្រទេសហ្វីលីពីន, Shawnthia និងភរិយា, SHAWN តារាសម្ដែងពីប្រទេសសិង្ហបុរី, Mild Phak Phum តារាសម្ដែងពីប្រទេសថៃ និង Ho Ngoc Ha តារាចម្រៀងពីប្រទេសវៀតណាម។​

នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា តារាល្បី ស៊ីន យូប៊ីន ​ពិត​ជា​មាន​ទឹក​ចិត្ត ព្រម​ទាំង​គំនិត​ឈ្លាសវៃ​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ ក៏​ដូចជា​លើក​ស្ទួយ​អាហារ​ដ៏​ពេញ​និយម​នៅ​តំបន់​អង្គរ​ តាម​រយៈ​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​នេះ។ មហាជន និងអ្នកគាំទ្រ​សង្ឃឹម​ថា ​ក្រោយ​ពី​មាន​ការ​ជួយ​ប្រម៉ូដ​ហើយ ​ម្ហូប​ខ្មែរ ជា​ពិសេស​អាហារ​ដ៏​ល្បី​នៅ​ម្ដុំ​រមណីយដ្ឋាន​អង្គរ​ នឹង​ទទួល​បាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ជាក់​ជា​មិន​ខាន។

សូម​បញ្ជាក់​ដែរ​ថា BVLGARI AETERNA EVENT នឹង​ប្រារព្ធ​ឡើង​នៅ​ប្រាសាទ​បាយ័ន ទឹក​ដី​ខេត្ត​សៀមរាប ហើយ CEO របស់ BVLGARI និង​ក្រុម​ការងារ​ក៏​បាន​បង្ហាញវត្តមាននៅទីនោះ។ ក្នុង​នោះ​ក៏​មាន​វត្តមាន​តារា​ល្បី​ៗ​ជុំ​វិញ​ពិភព​លោក​ដែល​ជា​អ្នក​តំណាង​ឱ្យ BVLGARI ​ចូល​រួម​​ដូចជា តារា​ខ្មែរ, ​ថៃ, ​វៀតណាម ហ្វីលីពីន ព្រម​ទាំងមាន​ដំណឹង​ថា​មានតារា​ចិន ​កូរ៉េ និង​តារា​ហូលីវូដ​មកចូលរួមផងដែរ៕