(បរទេស)៖ អ្នកនាំពាក្យក្រុមហ៊ុន OpenAI បានប្រាប់ក្រុមការងារ Reuters នៅថ្ងៃព្រហស្បតិ៍នេះថា អ្នកប្រើប្រាស់សកម្មប្រចាំសប្តាហ៍របស់ខ្លួនបានកើនឡើងលើស ៤០០ លាននាក់គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ ខណៈនេះជាការកើនឡើងគួរឱ្យកត់សម្គាល់ ៣៣% ពី ៣០០ លាននាក់ក្នុងខែធ្នូ ឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។
អ្នកនាំពាក្យដដែលនេះ បានឱ្យដឹងទៀតថា អ្នកប្រើប្រាស់អាជីវកម្មបង់ប្រាក់របស់ខ្លួនក៏បានកើនឡើងខ្លាំងផងដែរឈានដល់ ២លាននាក់ក្នុងខែកុម្ភៈ ច្រើនជាងទ្វេដងបើធៀបនឹងការធ្វើបច្ចុប្បន្នភាពចុងក្រោយនៅក្នុងខែកញ្ញា។ តួរលេខដ៏អស្ចារ្យនេះ កើតឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីក្រុមហ៊ុនចិន DeepSeek បានបើកដំណើរការគំរូ AI ដែលបានធ្វើឱ្យសហគមន៍បច្ចេកវិទ្យាពិភពលោកមានភាពរង្គោះរង្គើ ដោយសារតែសមត្ថភាពរបស់ពួកគេក្នុងការផ្គូផ្គង ឬដំណើរការជាងគូប្រជែងលោកខាងលិច។ ប៉ុន្តែការកើនឡើងនៃតម្រូវការសម្រាប់ DeepSeek ចាប់តាំងពីពេលនោះមកបានបណ្តាលឱ្យមានការហាមប្រាមជាបន្តបន្ទាប់។
គួរជម្រាបថា OpenAI បានរាយការណ៍ពីការកើនឡើងពីរដងនៃចរាចរណ៍អ្នកអភិវឌ្ឍន៍សម្រាប់ Reasoning Model (គំរូហេតុផល) របស់ខ្លួនក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ និងការកើនឡើងប្រាំដងសម្រាប់ម៉ូដែល o3 របស់ខ្លួនចាប់តាំងពីការចេញលក់នៅចុងខែមករា៕