(ភ្នំពេញ)៖ ខណៈដែលកម្ពុជាមានសក្តានុពល និងកំពុងរីកចម្រើនខ្លាំង ក្រោមម្លប់នៃសុខសន្ដិភាព បានធ្វើឱ្យវិនិយោគិនពីក្រៅប្រទេស បានមកបណ្ដាក់ទុននៅកម្ពុជាជាបន្ដបន្ទាប់ ។ជាក់ស្ដែងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឃើញថា ម៉ាកយីហោល្បីរបស់ម៉ាឡេស៊ី A. Sweat Wellness Center បានបង្ហាញនៅកម្ពុជាហើយ ក្រោមការចាប់ដៃគូរវាងវិនិយោគិនម៉ាឡេស៊ី និងកម្ពុជា។
លោក ចេង រួ តាយ ស្ថាបនិកនៃមជ្ឈមណ្ឌលសុខភាព A. Sweat មកពីប្រទេសម៉ាឡេស៊ី បានថ្លែងក្នុងពិធីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំយក Master Franchise នៃមជ្ឈមណ្ឌលសុខភាព A. Sweat ចូលមកកាន់ទីផ្សារប្រទេសកម្ពុជា ជាផ្លូវការ ដែលមានទីតាំងស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ បានថ្លែងថា ការចាប់យកប្រទេសកម្ពុជាជាដៃគូ ដោយសារកម្ពុជា ជាប្រទេសមានសក្តានុពល និងកំពុងរីកចម្រើនខ្លាំង ហើយលោកមានជំនឿថាការសហការនេះនឹងទទួលបានជោគជ័យ ដូចនៅប្រទេសម៉ាឡេស៊ីដែរ បច្ចុប្បន្នមាន៥សាខា បន្ទាប់ពីបើកនៅខែមិថុនាឆ្នាំ២០២៤ កន្លងទៅ ហើយគ្រោងពង្រីកដល់១០សាខាបន្ថែមទៀត ខណៈនៅប្រទេសកម្ពុជាជាសាខាទី១ នៅក្រៅប្រទេស។
ជាមួយគ្នានេះលោកស្រី សន បូល័ក ម្ចាស់ភាគហ៊ុននៃមជ្ឈមណ្ឌលសុខភាព A. Sweat ប្រចាំកម្ពុជា ក៏បានលើកឡើងផងដែរថា A. Sweat Wellness Center មានប្រភពមកពីប្រទេសម៉ាឡេស៊ី ហើយទទួលបានកេរ្តិ៍ឈ្មោះយ៉ាងខ្លាំងចំពោះវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួនចំពោះសុខភាពជារួម។
លោកស្រីបានបន្ដថា យីហោនេះត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃការព្យាបាលដោយញើស ដែលជាគំនិតសុខភាពតែមួយគត់ ដែលត្រូវបានបំផុសគំនិតដោយការអនុវត្តបែបប្រពៃណីរបស់កូរ៉េ ដែលត្រូវបានរចនាឡើងដើម្បីលើកកម្ពស់សុខភាពកាន់តែប្រសើរឡើង ការសម្រាកកាយ និងការធ្វើឱ្យមានថាមពលឡើងវិញ។ បេះដូងនៃទស្សនវិជ្ជារបស់ A. Sweat គឺជាជំនឿដែលថា សុខុមាលភាពពិតកើតចេញពីខាងក្នុង ហើយវគ្គព្យាបាលដោយញើសដើម្បីបន្សាបជាតិពុលក្នុងរាងកាយ និងធ្វើឱ្យឈាមរត់បានល្អ, កាត់បន្ថយស្ត្រេស និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ, ពង្រឹងប្រព័ន្ធរំលាយអាហារ ពង្រឹងប្រព័ន្ធការពាររាងកាយ និងធ្វើឱ្យស្បែក ស ភ្លឺថ្លា បែបធម្មជាតិ។
វិធីសាស្ត្រព្យាបាលដោយញើស ជាបច្ចេកវិទ្យាថ្មីទំនើបចុងក្រោយរបស់ប្រទេសម៉ាឡេស៊ី និងកូរ៉េ ត្រូវបាននាំមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមលើកកម្ពស់សុខភាពប្រជាពលរដ្ឋកាន់តែប្រសើរ ខណៈបច្ចុប្បន្នជំងឺឆ្លង និងជំងឺមិនឆ្លង បានក្លាយជាបញ្ហាសុខភាពសាធារណៈមួយនៅកម្ពុជា ។
ថ្លែងក្នុងពិធីចុះហត្ថលេខាជាផ្លូវការជាមួយម្ចាស់ហ្វេ្រនឆាយនៃមជ្ឈមណ្ឌលសុខភាព A. Sweat, កញ្ញា សនស៊ីថាបុទម នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសុខភាព A. Sweat ប្រចាំកម្ពុជា ក៏បានថ្លែងផងដែរថា នេះជាលើកទី១ហើយ ដែលកម្ពុជាមានមជ្ឈមណ្ឌលសុខភាព A. Sweat ដែលជាម៉ាកយីហោថ្មីមួយនាំចូលមកពីប្រទេសម៉ាឡេស៊ី ដោយផ្តោតទៅលើការព្យាបាលដោយញើស ជាវិធីសាស្ត្រមួយដែលអនុវត្តតាមបែបប្រពៃណីរបស់កូរ៉េ ដើម្បីលើកកម្ពស់សុខភាពកាន់តែប្រសើរឡើង។
កញ្ញា សន ស៊ីថាបុទម បានលើកទឹកចិត្តដល់អ្នកវិនិយោគដែលមិនទាន់ធ្វើអាជីវកម្មលើផ្នែកនេះ ឬមានរួចហើយ អាចបន្ថែមសេវាកម្មនេះទៅក្នុងកន្លែងរបស់ខ្លួនបានផងដែរ ហើយតាមគម្រោង កញ្ញានឹងពង្រីកសេវាកម្មការព្យាបាលដោយញើសនេះនៅទូទាំងប្រទេសដើម្បីឱ្យប្រជាពលរដ្ឋបានប្រើប្រាស់សេវានេះឱ្យកាន់តែទូលំទូលាយ៕