(ភ្នំពេញ)៖ នាដការី សាលី ស្រីមាស បានសម្ដែងអារម្មណ៍រំភើបរហូតស្រក់ទឹកភ្នែក ដោយត្រេកអរជាខ្លាំង ពេលទទួលបាននូវទឹកចិត្តមហាធំធេង ជាការឧបត្ថម្ភរ៉ាប់រងរាល់ការចំណាយព្យាបាលជំងឺដល់ប្អូនស្រីពី ក្រុមហ៊ុន ជីប ម៉ុង ក្នុងកម្មវិធីជួបសំណេះសំណាល សួរសុខទុក្ខផ្ទាល់ជាមួយនាដការី សាលី ស្រីមាស កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមវត្តមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សមាជិក-សមាជិកា សិល្បករ-សិល្បការិនីមួយចំនួនទៀត។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង សម្ដែងការស្ងើចសរសើរយ៉ាងខ្លាំង ដល់នាដការី សាលី ស្រីមាស ដែលជានាដការីរបាំព្រះរាជទ្រព្យ និងជាសិល្បការិនីគំរូដល់យុវជនបន្តវេនជំនាន់ក្រោយ មានទេពកោសល្យ មានស្នាដៃច្រើន ខិតខំប្រឹងប្រែង តាំងចិត្តក្នុងការសម្ដែងសិល្បៈ ការសម្ដែងរឿងបុរាណទាំងនៅកម្ពុជា និងក្រៅប្រទេសពោរពេញទៅដោយសក្តានុពល ក្នុងការជួយផ្សព្វផ្សាយវិស័យសិល្បៈបុរាណខ្មែរទៅកាន់ពិភពលោក។

អ្នកឧកញ៉ា លាង ម៉េង បានផ្ដាំផ្ញើដល់ប្អូនស្រី សាលី ស្រីមាស ថា «ក្រៅពីមានគ្រូពេទ្យជំនាញជួយព្យាបាលហើយ ប្អូនស្រីផ្ទាល់ជាចំណែកដ៏សំខាន់ ត្រូវធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ តាមដានពិនិត្យសុខភាពជាប្រចាំ ញ៉ាំអាហារមានជីវជាតិ និងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីទទួលបានសុខភាពល្អត្រឡប់មកវិញ ព្រោះគ្មានអ្វីសំខាន់ជាងការថែទាំសុខភាពខ្លួនឯងឱ្យល្អទេ សុខភាពរបស់យើងមិនអាចខ្ចីគេបានទេ បើយើងខ្វះថវិកាយើងអាចរកកម្ចីពីបងប្អូន មិត្តភក្ដិ និងគ្រួសារ ឬធនាគារបាន តែសុខភាពមានតែយើងខ្លួនឯងប៉ុណ្ណោះជាអ្នកមើលថែ»

អ្នកឧកញ៉ាបានបន្តទៀតថា ក្នុងនាម ជីប ម៉ុង ជាក្រុមហ៊ុនខ្មែរដែលតែងតែលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរយ៉ាងសកម្ម អ្នកឧកញ៉ាសូមសម្តែងនូវការស្ងើចសរសើរយ៉ាងខ្លាំង ដល់ការខិតខំប្រឹងប្រែង ការតាំងចិត្ត និងភាពក្លាហានរបស់នាដការីវ័យក្មេង សាលី ស្រីមាស ដែលបានដើរតួជាសិល្បការិនីគំរូម្នាក់ ដល់យុវជនបន្តវេនជំនាន់ក្រោយ ដោយសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់ជាច្រើន ក្នុងការសម្ដែងសិល្បៈចម្រុះ របាំអប្សរា របាំក្ងោក ការសម្ដែងរឿងបុរាណទាំងនៅកម្ពុជា និងក្រៅប្រទេស ជាមួយកាយវិការដ៏រស់រវើក និងពោរពេញទៅដោយសក្តានុពល ក្នុងការជួយផ្សព្វផ្សាយវិស័យសិល្បៈបុរាណខ្មែរ។

អ្នកឧកញ៉ាសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិតាមជួយថែរក្សា និងអាចវែករកវិធីសាស្ត្រព្យាបាលប្អូនឱ្យឆាប់ជាសះស្បើយពីជំងឺ។ តែក្រៅពីមានគ្រូពេទ្យជំនាញជួយព្យាបាលហើយ ប្អូនស្រីផ្ទាល់ជាចំណែករួមដ៏សំខាន់ព្រោះគ្មានអ្វីសំខាន់ ជាងការថែទាំសុខភាពខ្លួនឯងឱ្យល្អនោះទេ។ អ្នកឧកញ៉ាសូមលើកទឹកចិត្តដល់ សាលី ស្រីមាស ត្រូវធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ តាមដានពិនិត្យសុខភាពជាប្រចាំ ទទួលទានអាហារមានជីវជាតិ និងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីធ្វើឱ្យរាងកាយមានថាមពល និងទទួលបានសុខភាពល្អត្រឡប់ទៅវិញ។

ជាមួយគ្នានោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានសម្តែងនូវការគោរពដ៏ធំធេងចំពោះទឹកចិត្តសប្បុរស មិនអាចកាត់ថ្លៃបានរបស់អ្នកឧកញ៉ា លាង ម៉េង ក៏ដូចជាក្រុមហ៊ុន ជីបម៉ុង គ្រុប ដែលបានទទួលរ៉ាប់រងការចំណាយ លើការព្យាបាលទាំងស្រុងជូនប្អូនស្រី សាលី ស្រីមាស ដែលជានាដការីវ័យក្មេងប្រកបដោយទេពកោសល្យសិល្បៈ។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង មានប្រសាសន៍ទៅកាន់នាដការី សាលី ស្រីមាស ថា «បងស្រីម្នាក់នេះ ក៏សូមសម្តែងនូវក្តីសោមនស្ស អបអរសាទរចំពោះប្អូនស្រី សាលី ស្រីមាស ដែលអាចរកឃើញនូវក្តីសង្ឃឹមថ្មីក្នុងជីវិត តាមរយៈជំនួយនៃការព្យាបាលដោយគ្មានលក្ខខណ្ឌពីអ្នកឧកញ៉ា លាង ម៉េង ក៏ដូចជាក្រុមហ៊ុន ជីប ម៉ុង ដែល នេះ ប្រៀបបាននឹងការស្រោចស្រង់ជីវិតជាថ្មីចំពោះប្អូនស្រី។ កាយវិការរបស់អ្នកឧកញ៉ា ពិតជាកាយវិការប្រកបដោយក្តីសប្បុរស ដែលគួរឱ្យកោតសរសើរ និងកោតស្ញប់ស្ញែង»

ឆ្លើយតបទៅនឹងគុណូបការៈនៃការសង្គ្រោះជីវិតនេះ នាដការី សាលី ស្រីមាស ពិតជាមានក្ដីរំភើបរីករាយយ៉ាងក្រៃលែងជាទីបំផុត ជាមួយនឹងទឹកភ្នែកស្រក់ហូរសស្រាក់និយាយមិនរួច ព្រោះមិនដឹងថា ត្រូវរកពាក្យអ្វីឱ្យសមទៅនឹងទឹកចិត្តរបស់អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ រួមទាំងលោកជំទាវអ្នកឧកញ៉ា ម៉ៅ​ ចំណាន នាពេលនេះ។ ស្រីមាស មានតែសន្យាថា នឹងខិតខំថែរក្សាសុខភាព ដើម្បីត្រៀមខ្លួនទៅទទួលយកការព្យាបាលជាបន្តបន្ទាប់តាមការផ្ដាំផ្ញើរបស់អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ រួមទាំងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ។

សូមបញ្ជាក់ថា ជីប ម៉ុង ជាក្រុមហ៊ុនបង្កើតឡើងដោយខ្មែរ និងតែងតែលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរយ៉ាងសកម្ម មានផ្នត់គំនិតជួយជ្រោមជ្រែងខ្មែរគ្នាឯង ដឹងពីទុក្ខធុរៈខ្មែរយើងច្បាស់ ហើយនេះមិនមែនជាលើកទី១ ទេ ដែលក្រុមហ៊ុន ជីប ម៉ុង ចេញមុខរ៉ាប់រងលើការព្យាបាលជំងឺ។ ជាក់ស្តែងនាពេលកន្លងមក ជីប ម៉ុង បានជួយចេញថ្លៃព្យាបាលទាំងស្រុង ដល់អតីតកីឡាករជម្រើសជាតិកម្ពុជាយើង គឺលោក ហួត សុគន្ធា រហូតដល់ជាសះស្បើយផងដែរ៕