(ភ្នំពេញ)៖ កន្លងមកនេះ អ្នកទាំងអស់គ្នាបានដឹងហើយអំពី អត្ថប្រយោជន៍ ប.ស.ស. ផ្នែកហានិភ័យការងារ បន្ទាប់ពីនេះ គឺអំពីអត្ថប្រយោជន៍ ប.ស.ស. ផ្នែកថែទាំសុខភាព វិញម្ដង ។ រាជរដ្ឋាភិបាល បាន និងកំពុងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់នូវអត្ថប្រយោជន៍របបសន្តិសុខសង្គមកាន់តែមានប្រសិទ្ធភាព និងវិសាលភាព ដល់សមាជិកប.ស.ស. ទទួលបាននូវការធានារ៉ាប់រងសុខភាពសង្គម ប្រាក់បំណាច់ផ្សេងៗ ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋដោយធានាបាននូវសន្តិសុខប្រាក់នៅពេលជួបហានិភ័យ តាមរយៈរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ។

តើសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព បានទទួលបានការគាំពារ និងអត្ថប្រយោជន៍អ្វីខ្លះ?  

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវី
កម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សម្រាប់សប្ដាហ៍នេះ សូមលើកយកប្រធានបទស្ដីពី អត្ថប្រយោជន៍ ប.ស.ស. ផ្នែកថែទាំសុខភាព មកចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នាដូចខាងក្រោម។

ការបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពជាបន្ទុកទាំងស្រុង របស់និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលអត្រាភាគទានកំណត់ស្មើនឹង ២,៦ (ពីរក្បៀសប្រាំមួយ) ភាគរយ នៃប្រាក់ឈ្នួលជាប់ភាគទានរបស់កម្មករនិយោជិក ។

យោងតាម ប្រកាសលេខ ២៣៥/២៤ ក.ប/ប្រ.ក.ប.ស.ស ចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ (ស្តីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការផ្តល់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ សេវាស្តារនីតិសម្បទា សេវាឬការព្យាបាលនិងថែទាំវេជ្ជ
សាស្ត្រដែលមិនរាប់បញ្ចូល និងការផ្តល់សេវាបង្ការសុខភាព និងការកំណត់បញ្ជីជំងឺរ៉ាំរ៉ៃ ក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ច) បានកំណត់អំពីប្រភេទសេវា និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលសមាជិកប .ស.ស. នឹងទទួលបានក្រៅពីហានិភ័យការងារដូចខាងក្រោម ៖

*សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ៖ គឺផ្តោតលើការផ្តល់សេវាព្យាបាលដោយសម្រាកក្នុងមូលដ្ឋាន សុខាភិបាល សេវាពិគ្រោះជំងឺក្រៅ សេវាសម្រាលកូន សេវាព្យាបាលថែទាំមុននិងក្រោយសម្រាល សេវាព្យាបាលដោយស្អំ សេវាសង្គ្រោះបន្ទាន់សេវាបង្ការសុខភាព សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះ និងសេវាបញ្ជូនសព និងសេវាស្តារនីតិសម្បទាផ្នែកវេជ្ជ
សាស្ត្រ ។ សមាជិក ប.ស.ស. មិនអាចទាមទារថ្លៃព្យាបាលនៅមូលដ្ឋានសុខាភិបាលដែលមិនមែនដៃគូ ប.ស.ស. វិញបានទេ លើកលែ ងតែករណីសង្គ្រោះបន្ទាន់ សមាជិក ប.ស.ស. នឹងទូទាត់សងលើចំណាយសម្រាប់ការព្យាបាលសង្រ្គោះបន្ទាន់ទៅឱ្យជនរងគ្រោះ ឬមន្ទីរពេទ្យ ដែលបានទទួលព្យាបាលសមាជិក ប.ស.ស. ឈរលើមូលដ្ឋានកម្រិតផ្តល់ សេវាគុណភាព តម្លៃ ករណី និងតម្លៃសេវា ។

*សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ៖ សម្រាប់គាំទ្រដល់ការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ឬពិការភាពបន្ទាប់ពីទទួលសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត ។ ប៉ុន្តែសេវានេះ ត្រូវផ្តល់ជូនលើកលែងតែមានការដាក់ពាក្យស្នើសុំជាលាយលក្ខណ៍អក្សររបស់សាម៉ីជនផ្ទាល់ ឬអ្នកតំណាងក្នុងករណីស្ថានភាពរបួស ឬពិការភាពរបស់សមាជិកប.ស.ស. មានសភាពធ្ងន់ធ្ងរ មកកាន់បេឡាជាតិសន្តិសុខសង្គម ដោយភ្ជាប់មកជាមួយវេជ្ជបញ្ជាបស់មូលដ្ឋានសុខាភិបាលជាដៃគូ ប.ស.ស. ឬទម្រង់វាយតម្លៃតម្រូវការសេវាស្តារនីតិសម្បទា អង្គភាពផ្តល់សេវាស្តារសម្បទាផ្សេងទៀត ។

*ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់រយៈពេលសម្រាកព្យាបាលជំងឺ៖ សមាជិកប.ស.ស. ដែលបានចូលសម្រាកព្យាបាល ជំងឺនៅតាមមូលដ្ឋានសុខាភិបាល ចាប់ពី៨(ប្រាំបី)ថ្ងៃឡើង នឹងទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ដោយគិតចាំពីថ្ងៃ ផ្អាកការងារដំបូង ដោយការផ្តល់ជូននេះត្រូវបានកំណត់ស្មើនឹង ៧០ (ចិតសិប) ភាគរយ នៃប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃដែលបានបង់ភាគទានសម្រាប់រយៈពេលជាក់ស្តែងមិនលើស៦(ប្រាំមួយ) ខែ មុនខែ ដែលមានបញ្ហាសុខភាព ។ ដោយឡែក ចំពោះបុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ នឹងមិនទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃនេះទេ ប៉ុន្តែពួកគេត្រូវបានរក្សាទុកប្រាក់បៀវត្សដដែល ។

*ប្រាក់បំណាច់មាតុភាព៖ សម្រាប់សមាជិក ប.ស.ស. ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ជូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះជាស្ត្រី មានសិទ្ធិទទួលបានប្រាក់បំណាច់មាតុភាពស្មើនឹង៧០ (ចិតសិប) ភាគរយ នៃប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃជាប់ភាគទាន រយៈពេល៩០(កៅសិប)ថ្ងៃ លើកលែងតែបុគ្គលនៃវិស័យសាធារណៈជាស្ត្រី មានសិទ្ធិទទួលបានប្រាក់បៀវត្សពេញក្នុងរយៈពេលសម្រាកមាតុភាព ឬក្នុងរយៈពេលព្យាបាលថែទាំសុខភាពមុន និងក្រោយពេលសម្រាល ដូចមានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។

*វិភាជន៍បូជាសព៖ សិទ្ធិវន្ត ឬអ្នកចាត់ចែងបូជាសពសមាជិក ប.ស.ស. ដែលទទួលមរណភាពដោយមូលហេតុជំងឺ ឬគ្រោះថ្នាក់ជាយថាហេតុ ដែលមិនពាក់ព័ន្ធនឹងការងារ កំណត់ស្មើនឹង ២.០០០.០០០ (ពីរ លាន)រៀល (ប្រការ១១ និង១២ ប្រកាសលេខ ១៦៦/២៣ ក.ប/ប្រ.ក.ប.ស.ស របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ) ។

*សេវាបង្ការសុខភាព៖ ចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត, ចាក់សេរ៉ូមប្រឆាំងជំងឺឆ្កែឆ្កួត, ចាក់សេរ៉ូមប្រឆាំងជំងឺតេតាណូស, ចាក់សេរ៉ូមប្រឆាំងពិសពស់, សេវាពិនិត្យឈាមរកជំងឺពកក, សេវាពិនិត្យឈាមកំណត់អបោធាតុមហារីក ក្រោយការព្យាបាលជំងឺមហារីកដោយការវះកាត់ និង/ឬក្រោយព្យាបាលជំងឺមហារីកដោយចាក់គីមី និង/ក្រោយការព្យាបាលជំងឺមហារីក ដោយបាញ់កាំរស្មីអ៊ិច ។

*ប្រភេទជំងឺរ៉ាំរ៉ៃ៖ ជំងឺខ្សោយបេះដូង, ជំងឺសាច់ដុំបេះដូង, ជំងឺរលាកថ្លើមប្រភេទបេរ៉ាំរ៉ៃ, ជំងឺរលាកថ្លើមប្រភេទសេរ៉ាំរ៉ៃ, ជំងឺតម្រងនោមរ៉ាំរ៉ៃ, ជំងឺក្រិនថ្លើម, ជំងឺសសៃឈាមក្រហមបេះដូង, ជំងឺវិបត្តិចង្វាក់បេះដូង, ជំងឺក្រិនសរីរាង្គ, ជំងឺវិកលចរិក, ជំងឺលុយពុស និងជំងឺតាឡាសសឺមី ។

ដោយឡែក មានសេវា ឬការព្យាបាលមួយចំនួន មិនរាប់បញ្ជូលទៅក្នុងរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពផងដែរដូចជា៖ ការព្យាបាលទំាងឡាយណាដែលមិនគិតថ្លៃ ដែលមានចែងក្នុងគោលនយោបាយសុខាភិបាលសាធារណៈ, ការថែទាំធ្មេញ(ការសំអាតធ្មេញ ការប៉ះធ្មេញ និងការដាក់ធ្មេញ) , ការព្យាបាល និងវះកាត់ប្តូរភេទ, ការផ្សាំ ឬប្តូរសរីរាង្គផ្សេងៗ, សេវាបង្កកំណើតដោយសិប្បនិម្មិត, ការព្យាបាលដោយខ្លួនឯង, ការព្យាបាល ឬវះកាត់ដើម្បីជាប្រយោជន៍នៃការកែលម្អផ្នែកណាមួយនៃរាងកាយ, ការវះកាត់ដោយដាក់គ្រាប់ភ្នែកសិប្បនិម្មិត ឧបករណ៍ជំនួយភ្នែក និងភ្នែកសិប្បនិម្មិត, ការព្យាបាលដោយ   កាំរស្មីឡាស៊ែរ, ការព្យាបាលញៀនសុរា និងផ្តាច់គ្រឿងញៀន, ការព្យាបាលអសមត្ថភាពផ្តល់កំណើត, ការវះកាត់បេះដូង និងសសៃឈាមបេះដូង, ការលាងឈាម និងការពិនិត្យសុខភាពទូទៅ ។ ប៉ុន្តែនៅក្នុងករណីសង្គ្រោះបន្ទាន់ គ្រប់សេវាដែលបានរៀបរាប់ខាងលើនេះ នឹងត្រូវផ្តល់ជូនសមាជិកប.ស.ស. ក្នុងគោលបំណងដើម្បីសង្គ្រោះជីវិត ឬជួយការពារការបាត់បង់អវយវៈ ឬសរីរាង្គណាមួយរបស់ជនរងគ្រោះ ឬអ្នកជំងឺ ។

យ៉ាងណាមិញ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ និងការគាំពារនានាដូចដែលមានរៀបរាប់ខាងលើ សមាជិក ប.ស.ស. ត្រូវតែបំពេញបែបបទ និងនីតិវិធីនានា ដែលកំណត់ដោយ របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ។
 
រៀបរៀងដោយ៖ លោកស្រីមេធាវី នូ ពិសី និងកញ្ញា ហេង មរកត ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថ បទ ច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com  ហ្វេស
ប៊ុកផេក៖ Cambodia International Cooperation Law Firm ៕