(ឌូបៃ)៖ តារាតេន្នីស Mirra Andreeva បានគ្រងជើងឯកកម្មវិធី Dubai Open 2025 ដែលបានក្លាយជាកីឡាការិនីក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្រ្តកម្រិត WTA 1000។

យុវតីរុស្ស៊ី វ័យទើបតែ ១៧ឆ្នាំរូបនេះបានផ្តួលគូប្រជែង Clara Tausa ដោយលទ្ធផល ៧-៦ (៧-១) និង ៦-១ ដើម្បីក្លាយជាជើងឯក Dubai Tennis Championships កាលពីរាត្រីថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសហព័ន្ធអារ៉ាប់រួម។

តាមរយៈជ័យជម្នះនេះដែរ នាង Andreeva នឹងឡើងទៅឈរក្នុងចំណាត់ថ្នាក់ Top-10 ពិភពលោកជាលើកដំបូង ដ្បិតបច្ចុប្បន្នឈរនៅលេខរៀងទី១៤។

Andreeva ទម្រាំឡើងមកដល់ឈ្នះជើងឯកកម្រិត WTA 1000 នាងបានទម្លាក់សុទ្ធតែជើងខ្លាំងដោយរួមមាន កីឡាការិនី Marketa Vondrousova ម្ចាស់ពានក្នុងកម្រិត Grand Slam, Elena Rybakina និងជើងខ្លាំងលំដាប់លេខ២ ពិភពលោក Iga Swiatek ជាដើម៕