(បរទេស)៖ និយតករសុវត្ថិភាពអនឡាញរបស់ប្រទេសអូស្ត្រាលី បានពិន័យកម្មវិធី Telegram ប្រមាណជា ១លានដុល្លារអូស្ត្រាលី (ប្រហែល ៦៤០,០០០ដុល្លារអាមេរិក) សម្រាប់ការពន្យារពេលរបស់ខ្លួន ក្នុងការឆ្លើយសំណួរអំពីវិធានការដែលកម្មវិធីនេះ​បានធ្វើឡើង​ដើម្បី​ការពារ​ការ​រីករាលដាលនៃការរំលោភបំពានលើកុមារ និងសកម្មភាពជ្រុលនិយមរហូតបង្កឱ្យមានហិង្សា។ នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

គណៈកម្មាការសុវត្ថិភាព eSafety នៅខែមីនា ឆ្នាំ ២០២៤ បានស្វែងរកការឆ្លើយតបពីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម YouTube , បណ្ដាញសង្គម X, Facebook, Telegram និង Reddit និងបានបន្ទោសពួកគេថា មិនបានធ្វើគ្រប់គ្រាន់​ដើម្បីបញ្ឈប់ពួក​ជ្រុលនិយម​ ពោល​គឺខ្វះសមត្ថភាពក្នុងការទប់ស្កាត់នូវសកម្មភាពខុសច្បាប់ទាំងឡាយនៅលើ​បណ្ដាញសង្គមរបស់ពួកគេ។

Telegram និង Reddit ត្រូវ​បាន eSafety ​សួរនាំ​អំពី​ជំហាន​ដែល​ពួក​គេ​កំពុង​ធ្វើក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹងការ​បំពាន​ផ្លូវ​ភេទ​កុមារ​ ដោយពួកគេ​ត្រូវផ្ដល់ចម្លើយមកវិញនៅក្នុងខែឧសភា ប៉ុន្តែ Telegram បានយឺតយ៉ាវក្នុងការឆ្លើយតប និងបានអូសបន្លាយរហូតដល់ខែតុលា។

លោកស្រី Julie Inman Grant ប្រធានគណៈកម្មាការសុវត្ថិភាព eSafety បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «តម្លាភាពទាន់ពេលវេលាមិនមែនជាតម្រូវការស្ម័គ្រចិត្តនៅក្នុងប្រទេសអូស្ត្រាលីទេ ហើយសកម្មភាពនេះ មានសារៈសំខាន់ក្នុងការពង្រឹងនៃក្រុមហ៊ុនទាំងអស់ដែលគោរពតាមច្បាប់អូស្ត្រាលី»

លោកស្រី Grant បានបន្តទៀតថា ការពន្យារពេលរបស់ Telegram ក្នុងការផ្តល់ព័ត៌មានបានរារាំង eSafety ពីការអនុវត្តវិធានការសុវត្ថិភាពតាមអ៊ីនធឺណិត។

ពាក់ព័ន្ធនឹងករណីនេះ Telegram បាននិយាយថា ខ្លួនបានឆ្លើយតបយ៉ាងពេញលេញចំពោះសំណួរទាំងអស់របស់ eSafety កាលពីឆ្នាំមុន ដោយមិនមានបញ្ហាអ្វីឡើយ និងបានលើកឡើងថា ការពិន័យនេះគឺមិនសមហេតុផល ព្រមទាំងមានបំណងប្ដឹងឧទ្ធរណ៍។

Telegram កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងនៅជុំវិញពិភពលោកស្រី ចាប់តាំងពីស្ថាបនិករបស់ខ្លួន គឺលោកស្រី Pavel Durov ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតជាផ្លូវការនៅក្នុងប្រទេសបារាំងក្នុងខែសីហា ពាក់ព័ន្ធនឹងការប្រើប្រាស់កម្មវិធីសម្រាប់សកម្មភាពខុសច្បាប់។

លោកស្រី Grant បាននិយាយថា ប្រសិនបើ Telegram ជ្រើសរើសមិនអើពើនឹងការជូនដំណឹងអំពីការពិន័យ នោះ eSafety នឹងស្វែងរកការពិន័យរដ្ឋប្បវេណីនៅក្នុងតុលាការ៕