(អេស្ប៉ាញ)៖ ក្រោយឆ្លងកាត់ប្រកួតសប្តាហ៍ទី២៥ នៃលីគអេស្ប៉ាញ La Liga ក្រុមកំពូលតារាង FC Barcelona និង Real Madrid សុទ្ធតែរកបានជ័យជម្នះដូចគ្នា នាំឱ្យការប្រកួតប្រជែងនៅចុងរដូវកាលនេះការតែជក់ចិត្ត បន្ទាប់ពីក្រុមទាំងពីររកបានពិន្ទុស្មើគ្នា ៥៤ពិន្ទុ ដ្បិតនៅសល់តែ ១៣ប្រកួតបិទរដូវកាល ២០២៤-២៥ នេះ ។

ស្ថិតក្នុងសប្តាហ៍ទី២៥ នេះ ក្រុម FC Barcelona ដឹកនាំដោយលោក Hansi Flick បានយកឈ្នះក្រុម Las Palmas ២-០ នាំក្រុមបន្តឈរលេខ១ កំពូលតារាងពីការរកបានជ័យជម្នះលើកទី១៧ រដូវកាលនេះ ដ្បិតក្រុមគូប្រជែងលីគ Real Madrid ក៏ស្វែងរកបាន ៣ពិន្ទុបន្ថែមពីការយកឈ្នះក្រុម Girona ក្នុងលទ្ធផលនេះដូចគ្នា តែចាញ់ព្រៀបឈរលេខ២ បណ្តោះអាសន្ន ។

សូមជម្រាបផងថា ក្រុមទាំងពីរ Barcelona ទល់នឹង Real Madrid នឹងសម្រេចសេចក្តីគ្នានៅសប្តាហ៍ទី៣៥ នៅខែឧសភា ឆ្នាំ២០២៥ នេះ ដ្បិតក្រុម Real Madrid ជាក្រុមការពារតំណែងជើងឯករដូវកាលមុន នាមក្រុមឈ្នះពាននេះបាន ៣៦លើកមកហើយ ដែលក្រុម Barca ទើបឈ្នះបាន ២៧លើកប៉ុណ្ណោះ ៕