(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទះ «តេជោលីគ» លើកទី២ ឆ្នាំ២០២៥ ត្រូវបានប្រធានសហព័ន្ធ ប៉ានស្មានថា ទទួលភាពជោគជ័យលើសពីប្រកួតនៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលពេលនេះមានទស្សនិកជនចូលរួមទស្សនាដ៏ច្រើនលើសលុប ស្របពេលក្រុមបញ្ជាការដ្ឋានអង្គរក្ស បានបន្ដគ្រងតំណែងជើងឯកជាថ្មីទៀត បន្ទាប់ពីយកឈ្នះក្រុមវិសាខា ៣-០(សិត) ក្នុងពិន្ទុ ២៥-២០, ២៥-២០ និង ២៥-១៨ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។
អ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល គឺក្រុមបញ្ជាការដ្ឋានអង្គរក្ស និងវិសាខា ក្នុងនាមក្រុមឆ្លងផុតជុំទី២ ទាំងត្រដាបត្រដួស បានទម្លាក់ក្រុមលេខ១ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង(ចាញ់វិសាខា ៣-២) និងក្រុមលេខ២ ក្រសួងមហាផ្ទៃ(ចាញ់បញ្ជាការដ្ឋានអង្គរក្ស ៣-១) នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយបានឡើងមកជួបគ្នាជាថ្មី នៅវគ្គផ្ដាច់ព្រ័ត្រ មុនបញ្ជាការដ្ឋានអង្គរក្ស បន្ដយកឈ្នះ ៣-០ (សិត) ដើម្បីគ្រងតំណែងជើងឯក «តេជោលីគ» ២រដូវកាលជាប់គ្នា ។
លោកបណ្ឌិត អាំង សិរីពីសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា «លើសពីអស្ចារ្យ សម្រាប់តេជោលីគ រដូវកាលទី២ ព្រោះថា ចាប់ផ្ដើមតាំងពីដំណើរការព្រឹត្តិការណ៍ រហូតដល់ផ្ដាច់ព្រ័ត្រ បងប្អូនជនរួមជាតិ បានអញ្ជើញមកទស្សនាពេញវិមានពហុកីឡដ្ឋានគ្រប់សប្ដាហ៍ ពិសេសក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ បងប្អូនអត់មានកន្លែងអង្គុយទេ ដែលខ្ញុំអាចប៉ាន់ស្មានថា លើសពីស៊ីហ្គេមទៀត ព្រោះថា យើងមានបងប្អូនជនរួមជាតិគ្រប់កៅអីនៅក្នុងវិមាន សូម្បីផ្លូវដើរក៏គ្មានដែរ ហើយការទស្សនាតាមផ្ទាំង LED ខាងក្រៅវិមាន ក៏ច្រើនដែរ» ។
ជាមួយការដំណើរការប្រកួតដ៏រលូន និងទាក់ទាញការគាំទ្រដ៏ច្រើននេះ បានឆ្លុះបញ្ចាំងនូវភាពជោគជ័យ នៃការធ្វើកំណែទម្រង់ថ្មីមួយទៀត សម្រាប់ការប្រកួតតេជោលីគឆ្នាំនេះ ហើយសហព័ន្ធគ្រោងនឹងបន្ដធ្វើកំណែទម្រង់បន្ថែមទៀត នារដូវកាលថ្មី ដើម្បីធានានូវការប្រកួតប្រជែងកាន់តែជក់ចិត្ត ក៏ដូចជាទាក់ទាញការគាំទ្រកាន់តែខ្លាំង ។ លោកបង្ហើបថា រដូវកាលថ្មី អាចនឹងមានការផ្ដល់ឱកាសដល់ក្រុមនីមួយៗ ធ្វើការផ្លាស់ប្ដូរកីឡាករនៅចន្លោះជុំនីមួយៗ ។ លោកថា ការកែទម្រង់បន្ដិចម្ដងៗនេះ គឺដើម្បីធានាបានកាន់តែល្អប្រសើរក្នុងការប្រកួត មិនមែនជាការដើរថយក្រោយឡើយ ។
សម្រាប់ពិធីបិទការប្រកួតបាល់ទះ «តេជោលីគ» រដូវកាលទី២ ឆ្នាំ២០២៥ ចំពោះមុខអ្នកទស្សនាពេញវិមានពហុកីឡដ្ឋានជាតិ បានធ្វើឡើងក្រោមអធិបតីភាពលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធ និងលោកជំទាវ ។ ចំពោះក្រុមជើងឯក បញ្ជាការដ្ឋានអង្គរក្ស បានទទួលពាន អមប្រាក់រង្វាន់ ៦០លានរៀល ខណៈវិសាខា ជាប់លេខ២ ទទួលបានប្រាក់រង្វាន់ ១២លានរៀល ។ រីឯលេខ៣ ក្រសួងមហាផ្ទៃ ទទួលបានប្រាក់រង្វាន់ ១០លានរៀល និងលេខ៤ ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ទទួលបានប្រាក់រង្វាន់ ៨លានរៀល។ ក្រៅពីនេះ ក៏មានពានរង្វាន់ឯកត្តជនជាច្រើនផងដែរ៕