(បរទេស)៖ ក្រុមហ៊ុនចិន Alibaba បាននិយាយនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ខ្លួនគ្រោងនឹងវិនិយោគយ៉ាងហោចណាស់ ៣៨០ពាន់លានយន់ (ប្រហែល ៥២.៤៤ពាន់លានដុល្លារ) នៅក្នុង cloud computing និងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត្ត AI របស់ខ្លួនក្នុងរយៈពេល ៣ឆ្នាំខាងមុខ។ ការវិនិយោគដ៏សំខាន់នេះ បញ្ជាក់ពីមហិច្ឆតារបស់ Alibaba ក្នុងការឈានមុខគេក្នុងកំណើនដែលជំរុញដោយ AI និងពង្រឹងជំហររបស់ខ្លួនជាអ្នកផ្តល់សេវា cloud ពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ប្រកាសនេះ ត្រូវបានគេឱ្យដឹងថាក្រុមហ៊ុនអេឡិចត្រូនិចយក្សចិន ធ្វើឡើងបន្ទាប់ពីរបាយការណ៍ប្រាក់ចំណូលចុងក្រោយរបស់ក្រុមហ៊ុនដែលបង្ហាញពីការកើនឡើងប្រមាណ ៨% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលឈានដល់ ២៨០.១៥ ពាន់លានយន់សម្រាប់ត្រីមាសដែលបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ Alibaba គូសបញ្ជាក់ថា ចំនួនទឹកប្រាក់វិនិយោគសរុបលើសពីការចំណាយរបស់ក្រុមហ៊ុននៅក្នុង AI និង cloud computing ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

គួរជម្រាបថា ភាគហ៊ុនរបស់ Alibaba បានកើនឡើងជាង ៦៨% ចាប់តាំងពីដើមឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិននៅក្នុងយុទ្ធសាស្ត្រ AI របស់ខ្លួន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនផ្សេងទៀតដូចជា ByteDance ក៏កំពុងវិនិយោគយ៉ាងខ្លាំងនៅក្នុង AI ផងដែរ ដោយ ByteDance សម្រេចបានជាង ១៥០ ពាន់លានយន់សម្រាប់ការចំណាយដែលផ្តោតលើ AI នៅឆ្នាំ ២០២៥៕