(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» បានឈានដល់ខួបលើកទី១០ នៅឆ្នាំ២០២៥ នេះ ហើយនឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី២ ខែមីនាខាងមុខ ដោយមានក្រុមតំណាងក្រសួង-ស្ថាប័នចំនួន ៣៥ក្រុមបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ។
លោក សុខ សប្បាយណា ប្រធានគណៈកម្មាធិការរៀបចំពាននេះ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន និងចាប់ពូលប្រកួត នៅថ្ងៃទី២៣ ខែកុម្ភៈថា ឆ្នាំនេះ គឺជាគម្រប់ខួបលើកទី១០ នៃការរៀបចំពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន ដែលផ្ដួចផ្ដើមគំនិតរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ក្នុងគោលបំណងលើកកម្ពស់ស្មារតីសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជនតាមក្រសួង-ស្ថាប័នរដ្ឋ ក៏ដូចជាការលើកកម្ពស់សុខុមាលភាពរបស់មន្ដ្រីរាជការ ។
ផ្ដើមពីឆ្នាំដំបូង ដែលមានក្រុមចូលរួមត្រឹម ៩ក្រុម កាលពីឆ្នាំ២០១៣ ពាននេះ បានវិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ពិសេសការជំរុញ និងលើកទឹកចិត្តឲ្យក្រសួង-ស្ថាប័នរដ្ឋ បានរៀបចំក្រុមបាល់ទាត់ និងលេងកីឡា ក៏ដូចជាចូលរួមសកម្មភាពការប្រកួតនានា ពិសេសពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន ក្រោយខកខានរៀបចំ ២ឆ្នាំ កំឡុងវិបត្តិកូវីដ-១៩ គឺមានកំណើនក្រុមចូលរួមជាបន្ដបន្ទាប់ រហូតដល់ឆ្នាំ២០២៥ នេះ ដែលមានក្រុមចូលរួមរហូតដល់ ៣៥ក្រុម ពោលគឺការបំបែកកំណត់ត្រាថ្មី បន្ទាប់ពីឆ្នាំ២០២៤ មានត្រឹម ៣៤ក្រុមចូលរួម ។
ជាមួយគ្នាគ្នា លោកស្រី ដាំ ដារីនី អនុប្រធាន ស.ស.យ.ក បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីចូលរួមរបស់ក្រុមកីឡា ដែលជាមន្ដ្រីរាជការមកពីគ្រប់ក្រសួង-ស្ថាប័ន ។ ទោះបីការប្រកួតមិនមែនអាជីព តែពាននេះ បានបង្កប់អត្ថន័យលើសពីការប្រកួត ពោលគឺមិនមែនជាការប្រកួតដើម្បីឈ្នះ-ចាញ់ ឬប្ដូរផ្ដាច់ស៊ីសាច់ហុតឈាមគ្នានោះទេ ផ្ទុយទៅវិញ គឺជាការបង្កើន និងរឹតចំណងមិត្តភាព សាមគ្គីភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ រវាងកីឡាករ ក៏ដូចជាក្រុម តំណាងក្រសួង-ស្ថាប័ននីមួយៗ ។
គួរដឹងថា សម្រាប់ក្រុមចូលរួមទាំង ៣៥ក្រុម ត្រូវបានចាប់ឆ្នោតបែងចែកជា ៨ពូល ក្នុងពូលA, B, C, D និងពូលE គឺមាន ៤ក្រុមស្មើគ្នាក្នុងមួយពូល គ្រាដែលពូលF, ពូលG និងពូលH មាន ៥ក្រុមដូចគ្នា ដើម្បីធ្វើការប្រកួតជម្រុះស្វែងរកក្រុមលេខ១ និងលេខ២ ប្រចាំពូលនីមួយៗឡើងវគ្គ ១៦ក្រុមចុងក្រោយ ។ ការប្រកួត គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២ ខែមីនា ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ នៅកីឡដ្ឋានស្ដាតចាស់ ។ ចាំមើលតើក្រុមណា នឹងក្លាយជាជើងឯកពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន ខួបលើកទី១០ ឆ្នាំ២០២៥ នេះ?