(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន OpenAI បានចាត់វិធានការប្រឆាំងនឹងអ្នកប្រើប្រាស់នៅក្នុងប្រទេសចិន និងកូរ៉េខាងជើង ដែលសង្ស័យថាបានចូលរួមក្នុងសកម្មភាពព្យាបាទ ដោយប្រើបច្ចេកវិទ្យា AI របស់ខ្លួន ជាពិសេសជាមួយនឹង chatbot ដ៏ពេញនិយមរបស់ខ្លួន ChatGPT។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

OpenAI បាននិយាយនៅក្នុងរបាយការណ៍មួយថា សកម្មភាពទាំងនេះគឺជាវិធីដែលរបបផ្តាច់ការអាចព្យាយាមប្រើ AI ប្រឆាំងនឹងសហរដ្ឋអាមេរិក ក៏ដូចជាប្រជាជនរបស់ពួកគេ ដោយបន្ថែមថាវាបានប្រើប្រាស់ឧបករណ៍ AI ដើម្បីស្វែងរកប្រតិបត្តិការ។ យ៉ាងណាមិញ ក្រុមហ៊ុនផលិត ChatGPT ដ៏លេចធ្លោនេះមិនបានបញ្ជាក់ពី​ចំនួន​គណនី​ប៉ុន្មាន​ដែល​ត្រូវ​បាន​ហាម​ឃាត់ ឬ​ក្នុង​រយៈពេល​ប៉ុន្មាន​ដែល​សកម្មភាព​នេះ​បាន​កើត​ឡើងនោះទេ។ ប៉ុន្តែ OpenAI បានកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់មកពីប្រទេសចិន និងកូរ៉េខាងជើងដែលកំពុងកេងប្រវ័ញ្ចបច្ចេកវិទ្យារបស់ខ្លួន មានគោលបំណងព្យាបាទ រួមទាំងការឃ្លាំមើល និងមានឥទ្ធិពលលើប្រតិបត្តិការ។

ទាក់ទិននឹងបញ្ហានេះ ត្រូវបានគេរកឃើញថា មានអ្នកប្រើប្រាស់ ChatGPT បង្កើតអត្ថបទព័ត៌មានជាភាសាអេស្ប៉ាញ ក្នុងអត្ថន័យរិះគន់ បង្អាប់សហរដ្ឋអាមេរិក​​ហើយត្រូវបានបោះពុម្ពផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអាមេរិកឡាទីន ដោយមា​នក្រុមហ៊ុនចិននៅពីក្រោយ។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមានការណែនាំភ្ជាប់ពីប្រទេសកូរ៉េខាងជើងពីរបៀបប្រើ AI បង្កើតប្រវត្តិរូបសង្ខេប និង profile online សម្រាប់ដាក់ពាក្យសុំធ្វើការ ដោយក្លែងបន្លំថាទទួលបានឱកាសការងារនៅក្រុមហ៊ុនលោកខាងលិចទៀតផង។ នៅក្នុងរបាយការណ៍នេះ ក៏ឃើញមានការលើកឡើងពីអ្នកប្រើប្រាស់ ChatGPT នៅក្នងប្រទេសកម្ពុជាយើងផងដែរ។

គួរជម្រាបថា​ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភអំពីការប្រើប្រាស់របស់ចិន ថាបានប្រើប្រាស់បញ្ញាសិប្បនិមិត្ត ដើម្បីគាបសង្កត់ប្រជាជនរបស់ខ្លួន ផ្សព្វផ្សាយព័ត៌មានមិនពិត និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ ChatGPT របស់ OpenAI គឺជា AI chatbot ដ៏ពេញនិយមបំផុត ហើយអ្នកប្រើប្រាស់សកម្មប្រចាំសប្តាហ៍របស់ក្រុមហ៊ុនបានកើនលើសពី ៤០០លាននាក់៕