(សៀមរាប)៖ សៀវភៅលើសពីអង្គរ ដែលជាវណ្ណកម្មថ្មីមួយទៀតរបស់សារព័ត៌មានឌីជីថលថ្មីៗ នឹងត្រូវសម្ពោធចេញផ្សាយជាផ្លូវការនាថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៥ វេលាម៉ោង៣៖៣០នាទីរសៀល នៅសណ្ឋាគារ Memoire Palace Resort & Spa ក្រុងសៀមរាប។
ការសម្ពោធជាផ្លូវការនូវសៀវភៅលើសពីអង្គរនេះ សារព័ត៌មានឌីជីថលថ្មីៗក៏នឹងរៀបចំសន្និសីទកាសែតដើម្បីបង្ហាញពីគោលបំណង និងអត្ថន័យនៃការចងក្រងសៀវភៅថ្មីមួយនេះ ក្នុងនោះនឹងមានការចូលរួមពីអាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប ក្លិបទេសចរណ៍ខេត្តសៀមរាប អង្គការ Aide et Action អង្គការ Sipar សារព័ត៌មាន Fresh News ជាដើម។
សៀវភៅកម្រាស់៣០០ទំព័រនេះមានការរំលេចពីអត្ថប្រយោជន៍ព្រៃឈើនិងទឹកជួយជ្រោងប្រាសាទ បណ្ដាញផ្លូវគមនាគមន៍បុរាណ ព្រែកជីកបុរាណ មធ្យោបាយដឹកជញ្ជូនថ្មនាសម័យបុរាណ ដើម្បីកសាងប្រាសាទ ប្រពៃណី និងវប្បធម៌ ដែលផ្សារភ្ជាប់ជីវភាពរបស់អ្នកស្រុកអង្គរ ជាពិសេសព្រឹត្តិការណ៍សំខាន់ៗដែលកើតមានលើទឹកដីប្រាសាទនេះ ហើយមានតែមួយលើលោក។
សម្រាប់ការបោះពុម្ពផ្សាយសៀវភៅលើសពីអង្គរ លើកទី១នេះ ក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗនឹងបោះពុម្ពចំនួន៥,០០០ក្បាល។ គិតមកដល់ពេលនេះ សៀវភៅលើសពីអង្គរជាង២,៧០០ក្បាល ទទួលបានការកក់ និងបញ្ជាទិញពីអង្គភាព ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល មន្ត្រីរាជការ សិស្ស និស្សិត មិត្តអ្នកអានជាដើម៕