(មេនឆេស្ទើ)៖ ក្លិបបាល់ទាត់អាជីព Manchester United បានជូនដំណឹងពីការត្រៀមកាត់បន្ថយបុគ្គលិកមានដល់ទៅ ២០០កន្លែងឯណោះ ដើម្បីរក្សាលំនឹងក្លិបត្រឡប់មកវិញ។ នេះបើយោងតាម BBC ចេញផ្សាយថ្ងៃនេះ។
នៅចាំបានថា សមាជិកបុគ្គលិកប្រមាណ ២៥០នាក់ត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំទៅ ក្នុងដំណាក់កាលទី១ ស្ថិតក្រោមដឹកនាំដោយម្ចាស់ផ្ទះថ្មី លោក Sir Jim Ratcliffe ដែលមានសិទ្ធិកាន់កាប់ ២៩ភាគរយ។
ក្នុងកិច្ចប្រជុំជាមួយបុគ្គលិកកាលពីថ្ងៃចន្ទម្សិលមិញ លោក Omar Berrada ប្រធាននាយកប្រតិបត្តិក្លិបបិសាចក្រហម United បានគូសបញ្ជាក់យ៉ាងខ្លីថា ការកាត់បន្ថយចំណាយនេះដែរ ក្នុងន័យរក្សាលំនឹងក្លិបឡើងវិញ ក្រោយពេលពួកគេបានបាត់បង់ប្រាក់ចំណូល ៥ឆ្នាំជាប់ៗគ្នា ពោលគឺតាំងពីឆ្នាំ២០១៩ មក។
គួរបញ្ជាក់ផងថា ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Manchester ប្រទេសអង់គ្លេស និងវត្តមានលេងនៅ Premier League បច្ចុប្បន្ន គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពួកគេមានបុគ្គលិកបម្រើការងារប្រមាណ ១,១៤០នាក់ និងបានកាត់បន្ថយអស់ ៤៥០នាក់ ដែលស្មើនឹង ៣៩%នៃចំនួនសរុប៕