(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ «ពានរង្វាន់សតវត្សរ៍នៃព្រះធម៌» ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ នាថ្ងៃទី០៨ ខែមីនាខាងមុខ នឹងបង្កើនចំណងមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អ ក៏ដូចជាការបង្ហាញនូវរូបភាពល្អៗដល់ប្រជាពលរដ្ឋប្រទេសទាំងពីរ។

នេះបើតាមការលើកឡើងរបស់ថ្នាក់ដឹកនាំ និងតំណាងក្រុមបាល់ទាត់ទាំង៤ (តំណាងក្រុមបាល់ទាត់តារាកម្ពុជា, ក្រុមបាល់ទាត់គុនខ្មែរ, ក្រុមបាល់ទាត់តារាថៃ និងក្រុមបាល់ទាត់មួយថៃ) នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនៅសណ្ឋាគារសូហ្វីតែល។

លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្ដែងក្ដីរីករាយ ចំពោះការរៀបចំនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះឡើង ពិសេសមានការគាំទ្រពេញទំហឹងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតនូវវប្បធម៌សន្ដិភាពទាំងអស់គ្នា ក៏ដូចជាផ្ដល់នូវភាពសប្បាយរីករាយដល់ប្រជាជនប្រទេសទាំងពីរ តាមរយៈការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមតារាកម្ពុជា និងតារាថៃ ក៏ដូចជាក្រុមគុនខ្មែរ និងក្រុមមួយថៃ ដើម្បីអបអរសាទរនូវខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

លោកបន្ដថា ការប្រកួតនេះ មិនផ្ដោតលើលទ្ធផលឈ្នះ-ចាញ់នោះទេ តែត្រូវគោរពតាមលក្ខខណ្ឌកីឡា ដែលត្រូវអនុវត្តតាមគោលការណ៍ Fair-Play មានន័យថា លេងអស់ពីសមត្ថភាព ប្រកបដោយយុត្តិធម៌ និងការយោគយល់ខ្ពស់លើទីលាន។ ប៉ុន្ដែអ្វីដែលជាគោលដៅសំខាន់ គឺការរឹតចំណងមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងកាន់តែល្អប្រសើរ ក្រោយបញ្ចប់ការប្រកួត និងបង្កើតនូវភាពសប្បាយរីករាយឲ្យមហាជន ដែលបានទស្សនាផ្ទាល់ និងទស្សនាតាមការផ្សាយផ្ទាល់ក្ដី បានសប្បាយរីករាយ និងអបអរសាទរទាំងអស់គ្នា។

ជាមួយគ្នា លោក ខេម ប្រធានក្រុមបាល់ទាត់តារាកម្ពុជា បានសម្ដែងនូវក្ដីសប្បាយរីករាយ ដែលបានចូលរួមព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ដើម្បីបង្ហាញពីការស្រលាញ់ និងបង្កើនទំនាក់ទំនងល្អ មិនត្រឹមរវាងតារាកម្ពុជា និងតារាថៃ ក៏ដូចជាក្រុមកីឡាករគុនខ្មែរ និងមួយថៃ តែជាការអបអរ និងពង្រឹងនូវទំនាក់ទំនងការទូតដ៏រឹងមាំរវាងប្រទេសទាំងពីរ ហើយលោកសង្ឃឹមថា ការប្រកួតនេះ ក៏នឹងផ្ដល់នូវភាពគំរូ និងបង្ហាញនូវរូបភាពល្អៗ ដល់ប្រជាជនទាំងពីរ ក្នុងការបង្កើនទំនាក់ទំនងជាមួយគ្នាកាន់តែស្និទ្ធស្នាលទៀតផង។

ក្នុងនាមតំណាងក្រុមតារាកម្ពុជា លោក ខេម បានបញ្ជាក់ថា «យើងជាប្រទេសជិតខាងជាមួយគ្នា ក្នុងនាមពួកយើងជាតារាៗអ៊ីចឹង យើងគួរតែបង្កើតនូវសម្ព័ន្ធភាពក្ដីស្រលាញ់ជាមួយគ្នាឲ្យបានច្រើន ទោះបីជាយើងឃើញនៅក្នុងបណ្ដាញសង្គមរវាងប្រទេសទាំងពីរ មានបញ្ហាបន្ដិចបន្ដួច ប៉ុន្ដែក្នុងនាមយើងជាតារា យើងមិនរុញស៊ីក្លូចូលឡានទេ យើងមិនបង្កើតព័ត៌មានញុះញុង ឬក៏មិនបង្កើតព័ត៌មានអ្វីផ្សេងទៀត គឺយើងគប្បីគួរតែបង្កើតព័ត៌មាន ឬក៏ចូលរួមបង្ហាញពីក្ដីស្រលាញ់ បង្កើតនូវទំនាក់ទំនងល្អ ក្នុងនាមជាយើងជាប្រទេសជិតខាងគ្នា»។

លោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង អ្នកសម្របសម្រួលនៃព្រឹត្តិការណ៍ខាងលើ បានចាត់ទុកការប្រកួតមិត្តភាពកម្ពុជា-ថៃ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រមួយ ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេស ក៏ដូចជាប្រជាជនប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរជាងមុន ដើម្បីបន្តមានសុខសន្តិភាពជាមួយគ្នា ដោយសារភ្ជាប់ជាមួយពុទ្ធឱវាទ នៃព្រះពុទ្ធសាសនា។ ដូច្នេះទើបការប្រកួតនេះ បានប្រសិទ្ធនាមថា ពានរង្វាន់សតវត្សរ៍នៃព្រធម៌ ហើយលោកក៏មានគម្រោងជំរុញឲ្យមានការប្រកួតជាបន្ដបន្ទាប់ រវាបណ្ដាប្រទេសតាមដងទន្លេមេគង្គផងដែរ។

ជាមួយគ្នា តំណាងក្រុមបាល់ទាត់តារាថៃ និងក្រុមបាល់ទាត់មួយថៃ សុទ្ធតែបានបង្ហាញនូវក្ដីរីករាយ ក្នុងការមកប្រកួតមិត្តភាពលើទឹកដីកម្ពុជា ដែលមានការចូលរួមពីតារាសម្តែង តារាចម្រៀង តារាម៉ូដែល YouTuber, Vlogger និងកីឡាប្រដាល់ល្បីៗជាច្រើន។ ទោះបីមានអ្នកខ្លះ ជាប់ភារកិច្ចមិនអាចចូលរួមបាន ជាក់ស្ដែងកីឡាករ រថថាំង ដែលត្រៀមប្រកួតនាថ្ងៃទី២៣ ខែមីនា មិនអាចចូលរួមបាន តែពួកគេបានប្ដេជ្ញាចូលរួមផ្សព្វផ្សាយនូវទស្សនីយភាពការប្រកួតនេះឲ្យបានទូលំទូលាយ ដើម្បីបង្ហាញពីការរឹតចំណងមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អរវាងប្រទេស និងប្រជាជនប្រទេសទាំងពីរផងដែរ។

គួរដឹងថា នៅក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺមាន ២ប្រកួត ក្នុងនោះប្រកួតទី១ ក្រុមបាល់ទាត់គុនខ្មែរ ត្រូវជួបក្រុមបាល់ទាត់មួយថៃ និងគូទី២ ក្រុមបាល់ទាត់តារាកម្ពុជា ត្រូវជួបក្រុមបាល់ទាត់តារាថៃ។ ការប្រកួតនេះ ក៏នឹងមានការចូលរួមជាសក្ខីភាពពីលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោករដ្ឋមន្រ្តីក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃផងដែរ៕