(បរទេស)៖ ក្រសួងសេដ្ឋកិច្ចតៃវ៉ាន់បានបញ្ជាក់ថា មិនបានទទួលព័ត៌មានណាមួយទាក់ទងនឹងការបណ្តាក់ទុនក្រៅប្រទេសរបស់ក្រុមហ៊ុនផលិតបន្ទះឈីប TSMC នៅក្នុងប្រតិបត្តិការរបស់ Intel សហរដ្ឋអាមេរិកនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ទាក់ទិននឹងការលើកឡើងនេះ កាលពីពេលថ្មីៗកន្លងទៅមានប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថាក្រុមហ៊ុន Taiwan Semiconductor Manufacturing Co (TSMC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ក្រុមហ៊ុននានារួមទាំងក្រុមហ៊ុន Apple និង Nvidia បានកំពុងពិភាក្សាគ្នាដើម្បីទទួលបានភាគហ៊ុននៅក្នុង Intel ។ យ៉ាងណា ជុំវិញរបាយការណ៍នេះ ទាំង TSMC និង Intel មិនមានការបញ្ជាក់នោះទេ។

គួរជម្រាបថា រាល់ការវិនិយោគនៅក្រៅប្រទេសដ៏ធំដោយក្រុមហ៊ុនតៃវ៉ាន់ ត្រូវការការយល់ព្រមពីរដ្ឋាភិបាល ជាពិសេសពីគណៈកម្មការត្រួតពិនិត្យការវិនិយោគរបស់ក្រសួងសេដ្ឋកិច្ច។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Kuo Jyh-huei បាននិយាយថា លោកមិនអាចធ្វើអត្ថាធិប្បាយលើពាក្យចចាមអារ៉ាមលើទីផ្សារបានទេ ហើយក្រសួងនឹងមាន «ការពិភាក្សាជាក់លាក់» ប្រសិនបើក្រសួងទទួលបាន «របាយការណ៍» ផ្លូវការពី TSMC ។ លោក Kuo បានគូសបញ្ជាក់ថា «ដោយសារតែវាពាក់ព័ន្ធនឹងការវិនិយោគពីបរទេស វានឹងឆ្លងកាត់គណៈកម្មការវិនិយោគរបស់យើង។ រហូតមកដល់ពេលនេះ យើងមិនទាន់ទទួលបានព័ត៌មានណាមួយទេ ដូច្នេះខ្ញុំមិនអាចធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ»