(ភ្នំពេញ)៖ ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) បានគាំទ្រ និងលើកទឹកចិត្ដដល់បណ្ដាប្រទេសសមាជិក ក្នុងការប្រើប្រាស់នូវបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យកីឡា ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍវិស័យរបស់ខ្លួន ឲ្យកាន់តែរីកចម្រើន ស្របតាមសម័យទំនើបនៃបច្ចេកវិទ្យា។
នេះបើតាមការលើកឡើងរបស់លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាប្រចាំការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោយដឹកនាំប្រតិភូអូឡាំពិកកម្ពុជា ចូលរួមសិក្ខាសាលា ស្ដីពីបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យកីឡា ដែលរៀបចំដោយក្រុមប្រឹក្សាអូឡាំពិកអាស៊ី កាលពីចុងសប្ដាហ៍កន្លងទៅ នៅប្រទេសគុយវ៉ែត។
លោកថា សិក្ខាសាលារយៈពេល ១ថ្ងៃពេញនេះ ផ្ដោតលើការវិវឌ្ឍ និងនិន្នាការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងការប្រើប្រាស់សម្រាប់វិស័យកីឡា មានទាំងការហ្វឹកហាត់ ការរៀបចំការប្រកួត និងការគាំពារអត្តពលិកជាដើម ដែលពាក់ព័ន្ធនឹងការប្រកួតកីឡាអេឡិចត្រូនិច និងបច្ចេកវិទ្យាផ្សេងៗ ដែលជំរុញដល់ការប្រកួត និងផ្សព្វផ្សាយចលនាកីឡាក្នុងតំបន់ និងពិភពលោក។
តាមរយៈភាពរីកចម្រើន នៃបញ្ញាសិប្បនិម្មិត ត្រូវបានចាត់ទុកជាឧស្សាហកម្ម ១.០ ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់លើពិភពលោក ក្នុងការប្រើប្រាស់សម្រាប់វិស័យផ្សេងៗ ក៏ដូចជាចលនាកីឡា។ ហេតុនេះទើប OCA រៀបចំសិក្ខាសាលានេះឡើង ដើម្បីជំរុញការប្រើប្រាស់ AI ក្នុងវិស័យកីឡា ដែលជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡាទំនើប។ លោក ប៊ុយ សុភ័ណ្ឌ បន្ថែម។
លោករំពឹងថា ក្រោយទទួលបានចំណេះដឹងពីសិក្ខាសាលាដ៏មានសារៈសំខាន់ខាងលើ នឹងផ្ដល់អត្ថប្រយោជន៍ដល់មន្ត្រី និងចលនាអូឡាំពិកកម្ពុជា សម្រាប់យកមកចែករំលែកប្រើប្រាស់ក្នុងវិស័យកីឡានៅកម្ពុជា និងមានការសិក្សាស្រាវជ្រាវបន្ថែមទៀត ជាពិសេសតាមឲ្យទាន់សម័យកាលបច្ចេកវិទ្យា ក្នុងន័យអភិវឌ្ឍកីឡាក្នុងស្រុកឲ្យបានរីកចម្រើន ដូចបណ្ដាប្រទេសជឿនលឿន ដែលគេអនុវត្តបានជោគជ័យនាពេលកន្លងមក៕