(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានប្រកាសថា ខ្លួនគ្រោងនឹងចំណាយប្រាក់ដើម្បីបោះទុនវិនិយោគប្រមាណ ៥០០ពាន់លានដុល្លារនៅសហរដ្ឋអាមេរិកក្នុងរយៈពេល ៤ឆ្នាំខាងមុខ ដែលនឹងរួមបញ្ចូលរោងចក្រដ៏ធំនៅរដ្ឋតិចសាស់សម្រាប់ម៉ាស៊ីន (servers) បម្រើបញ្ញាសិប្បនិម្មិត និងបន្ថែមការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ប្រហែល ២០,០០០ នៅទូទាំងប្រទេសនៅពេលនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី២៥ ខែកុម្ភៈ​ ឆ្នាំ២០២៥។

ការចំណាយដែលរំពឹងទុកចំនួន ៥០០ពាន់លានដុល្លារនោះ ត្រូវបាន Apple បញ្ជាក់ថារាប់បញ្ចូលទាំងការទិញពីអ្នកផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក រហូតដល់ការថតកម្មវិធីទូរទស្សន៍ និងភាពយន្តនៅសហរដ្ឋអាមេរិកសម្រាប់សេវាកម្ម​ Apple TV+ របស់ខ្លួន។ តែយ៉ាងណា ក្រុមហ៊ុន​​ Apple បាន​​បដិសេធ​មិនទាន់អាចបង្ហាញចំនួនវិនិយោគលម្អិតជាមួយនឹងមូលដ្ឋានផ្គត់ផ្គង់អាមេរិករបស់ខ្លួននោះទេ សូម្បីតែក្រុមហ៊ុន Cornin ដែលជាអ្នកផលិតកញ្ចក់សម្រាប់ iPhone ក្នុងរដ្ឋ Kentucky ក៏ដោយ។

ប្រកាសនេះ កើតឡើងបន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយមួយបានរាយការណ៍ថា នាយកប្រតិបត្តិ (CEO) Apple លោក Tim Cook បានជួបជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីសប្តាហ៍មុន។ នេះគឺជាការឆ្លើយតបជាយុទ្ធសាស្រ្ត ខណៈផលិតផលជាច្រើនរបស់ Apple ដែលត្រូវបានប្រមូលផ្តុំនៅក្នុងប្រទេសចិនអាចប្រឈមមុខនឹងពន្ធ ១០% ដែលដាក់ដោយ Trump នៅដើមខែនេះ ទោះបីជាក្រុមហ៊ុនផលិត iPhone បានធានាការលើកលែងមួយចំនួនពីពន្ធរបស់ប្រទេសចិនក៏ដោយ។

គួរជម្រាបថា ក្រុមហ៊ុន Apple ក៏ធ្លាប់បានប្រកាសស្រដៀងគ្នានេះផងដែរអំពីផែនការចំណាយរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៨ ក្នុងអំឡុងពេលរដ្ឋបាលលោក Trump ដំបូង ខណៈ Apple បាននិយាយថាការវិនិយោគថ្មី និងបន្តរបស់ខ្លួននឹងរួមចំណែក ៣៥០ ពាន់លានដុល្លារដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកក្នុងរយៈពេល ៥ឆ្នាំ។ គិតត្រឹមប្រកាសចុងក្រោយនេះភាគហ៊ុនរបស់ Apple បានកើនឡើងប្រមាណ ១.២%។ ទន្ទឹមនឹងនេះលោក Trump បានបង្ហោះនៅក្នុង Truth Social អមជាសារថ្លែងអំណរគុណដល់ Apple និង Cook ដោយនិយាយថា ការផ្លាស់ប្តូរនេះបានឆ្លុះបញ្ចាំងពីជំនឿរបស់ក្រុមហ៊ុនចំពោះការគ្រប់គ្រងរបស់គាត់៕