(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) រំពឹងទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង ខេត្តព្រះសីហនុ នឹងទទួលបានជោគជ័យនាថ្ងៃអនាគត និងបានអំពាវនាវឲ្យមហាជនចូលរួមឲ្យបានច្រើនកុះករ ដើម្បីជំរុញគោលដៅនៃការរៀបចំនេះ ក្នុងការជួយលើកតម្កើងខេត្តគោលដៅទេសចរណ៍តំបន់ឆ្នេរនៅកម្ពុជា។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង ខេត្តព្រះសីហនុ លើកទី១០ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈនេះ មុនព្រឹត្តិការណ៍ផ្លូវការ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ។ បច្ចុប្បន្នមានអ្នកចុះឈ្មោះចូលរួមជាង ១,៥០០នាក់ ខណៈគណៈកម្មការរៀបចំរំពឹង មនាអ្នកចូលរួមជាង ២,០០០នាក់ឆ្នាំនេះ។

លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា រយៈពេលជាង ១០ឆ្នាំកន្លងមក ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ នៅមិនទាន់ជោគជ័យនោះទេ ពិសេសអ្នកចូលរួមរត់នៅមានកម្រិតចន្លោះ ២ ទៅ ៣ពាន់នាក់ មិនដូចនៅភ្នំពេញ និងសៀមរាប ដែលមានអ្នកចូលរួមច្រើនរាប់ពាន់ និងលើសពី ១ម៉ឺននាក់ ។ យ៉ាងណាមិញ NOCC នៅតែបន្ដឆន្ទៈខិតខំរៀបចំព្រឹត្តិការណ៍នេះ ដើម្បីជំរុញការផ្សព្វផ្សាយពីភាពរីកចម្រើន ការអភិវឌ្ឍ និងសក្ដានុពលខេត្តព្រះសីហនុបច្ចុប្បន្ន។

តាមរយៈនេះ លោកសង្ឃឹមថា ខេត្តព្រះសីហនុ នឹងក្លាយជាខេត្តគោលដៅទេសចរណ៍ និងជាទីតាំងមួយមានលក្ខណៈពិសេសក្នុងការររៀបចំព្រឹត្តិការណ៍រត់ប្រណាំងនេះ ព្រោះធៀបនឹងតំបន់ឆ្នេរបណ្ដាប្រទេសក្នុងតំបន់ ដែលបានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងនេះ ដូចជានៅភូកេតម៉ារ៉ាតុង ប្រទេសថៃ និងដាណាងម៉ារ៉ាតុង ប្រទេសវៀតណាម ដែលគេធ្វើជោគជ័យរាប់ម៉ឺននាក់ គឺខេត្តព្រះសីហនុ មានបរិយាកាសល្អណាស់ ពិសេសការផ្លូវជាប់មាត់ឆ្នេរជាង ១០គីឡូម៉ែត្រវែងជាងគេ។

លោកបន្ដថា «អ្វីដែលខ្ញុំគិតថា យើងនឹងជោគជ័យនៅថ្ងៃណាមួយ បើយើងខិតខំប្រឹងប្រែងក្នុងការរៀបចំឲ្យមានគុណភាព ។ នេះគឺជាគោលដៅរបស់យើងក្នុងការរៀបចំ ហើយអ្វីដែលនឹងកើតឡើងនៅថ្ងៃក្រោយ គឺការរីកចម្រើន និងការខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍ ដែលជាឱកាសផ្ដល់នូវការងារធ្វើ ជាឱកាសជំរុញខាងផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងធុរកិច្ច ក៏ដូចជាជួយដល់អ្នករកទទួលទានតូចតាចជាដើម ។ នេះគឺជាគោលដៅដែលខិតខំប្រឹងប្រែងរៀបចំកន្លងមក»

«ដូចដឹងហើយថា ព្រះសីហនុ បច្ចុប្បន្នមានសុវត្ថិភាពល្អប្រសើរ មានសន្ដិសុខសណ្ដាប់ធ្នាប់ល្អ និងមានហេដ្ឋានចនាសម្ព័ន្ធថ្មី ដែលយើងតែងនិយាយថា យើងទៅផ្សព្វផ្សាយពីភាពវិជ្ជមាន នៃហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់ខេត្ត។ អ្វីដែលថ្មី គឺយើងនឹងធ្វើឲ្យពិភពលោក និងប្រជាពលរដ្ឋកម្ពុជាយើង មើលឃើញពីភាពពីរកចម្រើន ការអភិវឌ្ឍន៍ និងសក្ដានុពលរបស់ខេត្តព្រះសីហនុ តាមរយៈព្រឹត្តិការណ៍កីឡារបស់យើង ។ ដូច្នេះព្រឹត្តិការណ៍កីឡា គឺមានអត្ថប្រយោជន៍សំខាន់ ក្នុងការផ្សព្វផ្សាយ អប់រំឲ្យពលរដ្ឋយល់ពីសក្ដានុពលនៅទីនោះ»។ លោក វ៉ាត់ ចំរើន បន្ថែម។

គួរដឹងថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅខេត្តព្រះសីហនុ លើកទី១០ ឆ្នាំ២០២៥ នាថ្ងៃទី៣០ ខែមីនាខាងមុខ គឺមាន ៤វិញ្ញាសា រួមមានរត់ចម្ងាយ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រ ។ ចំពោះគោលបំណងសំខាន់ៗ គឺរក្សានៅដដែល ដូចជាការរត់ដើម្បីអភិវឌ្ឍន៍ និងការការពារបរិស្ថានតំបន់ឆ្នេរ ក៏ដូចជាផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ខេត្តដល់ប្រជាជនក្នុងស្រុក និងពិភពលោក។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះក៏នឹងកៀរគរការគាំទ្រដល់កម្មវិធីសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារ និងអង្គរការមនុស្សធម៌ផងដែរ៕