(មីឡាន)៖ ក្រុមកំពូលតារាងលីគអ៉ីតាលី Inter Milan បានទម្លាក់គូប្រជែង Lazio តាមរយៈលទ្ធផលឈ្នះ ២-០ ដើម្បីឡើងទៅជួប AC Milan នៃជំនួប Derby សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានលំដាប់ទី២ Coppa Italia 2024-25 ជាបន្តទៀត។
ការលេងនៅពីមុខអ្នកទស្សនាប្រមាណជាង ៥ម៉ឺនយប់មិញពីក្នុងវគ្គ ៨ក្រុមចុងក្រោយនោះដែរ កីឡាករអន្តរជាតិអូទ្រីស Marko Arnautovic ទាត់ volley គ្រាប់នាំមុខនៅវគ្គទី១ និងជាការបន្តរកគ្រាប់បាល់ ដ្បិតកាលពីវគ្គ ១៦ក្រុម រូបគេក៏រួមចំណែករកបាន ១គ្រាប់ដែរ។
មិត្តរួមក្រុម Hakan Calhanoglu ដែលចូលលេងក្នុងនាមកីឡាករបម្រុង ក៏បានទាត់បាល់ប៉េណាល់ទីបានសម្រេចចុងម៉ោង ដើម្បីធានាជ័យជម្នះតែម្តងទៅលើក្រុមមកពី Serie A ដូចគ្នា ដ្បិតប្រធានក្រុម Lautaro Martinez និងខ្សែការពារកណ្តាល Alessandro Bastoni ត្រូវបានទុកឱ្យសម្រាក ដើម្បីលេងទល់នឹងក្រុមខ្លាំង Napoli ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
តាមរយៈលទ្ធផលដ៏គាប់ប្រសើរក្នុងដីនេះ Inter Milan ត្រូវឡើងទៅប៉ះ AC Milan លេង ២ជើងសម្រាប់វគ្គ ៤ក្រុមធ្វើឡើងនាខែមេសា ឆ្នាំ២០២៥ ស្របពេល Juventus ត្រូវប៉ះ Empoli រាត្រីនេះ ដើម្បីប្រជែងកៅអីឡើងទៅប៉ះ Bologna ផងដែរ៕