(ភ្នំពេញ)៖ សមាគមសិល្បករខ្មែរ បានរៀបចំកម្មវិធីសម្ពោធស្នាក់ការថ្មីរបស់ខ្លួន នៅព្រឹកថ្ងៃពុធ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ គឺជាពេលវេលាប្រកបដោយមហានក្ខតត្តឫក្ស និងវិសេសវិសាល។ ស្នាក់ការ​ថ្មីរបស់សមាគមសិល្បករខ្មែរ មានទីតាំងស្ថិតនៅផ្ទះលេខ ៣៩ ផ្លូវលេខ៣៧៦ ក្រុមទី៥១ ភូមិ១ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

នៅក្នុងឱកាសប្រសើរថ្លៃថ្លានេះ ក៏មានព្រះវត្តមានសមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងវត្តមានរបស់វីរសិល្បករ-សិល្បការិនីជាច្រើនរូបបានផ្ដល់កិត្តិយសអញ្ជើញចូលរួមជាសក្ខីភាព និងបង្ហាញពីសាមគ្គីភាពក្នុងរង្វង់សិល្បករ ក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ ក្នុងនោះសមាគមសិល្បករខ្មែរ បានដើរតួនាទីយ៉ាងសកម្មចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងអភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិ ជាពិសេសគឺការគាំពារដល់សិល្បករចាស់ជរា ពិការ បាត់បង់សមត្ថភាពជាដើម។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ រួមទាំងថ្នាក់ដឹកនាំដទៃទៀត តែងបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់សិល្បករ ជាពិសេសសមាជិក សមាជិកា របស់សមាគម ក្នុងនោះការរៀបចំឱ្យមានស្នាក់ការច្បាស់លាស់ ដើម្បីបំពេញការងារសមរម្យ ក៏ជាការគិតគួរអទិភាពមួយ ក្នុងចំណោមកិច្ចការអទិភាពដទៃទៀត ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងបម្រើសេវានានាជូនសិល្បករ សិល្បការិនី ក៏ដូចជាសមាជិក សមាជិកា ផងដែរ។​

ពិធីបើកសម្ពោធស្នាក់ការថ្មីនេះ ក៏មានព្រះវត្តមានសមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាយាងចូលរួម ដោយសមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី ជាអម្ចាស់ក៏បានយាងទតនូវស្នាក់ការសមាគមសិល្បករខ្មែរ និងសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគម។

បន្ទាប់មកសមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បានយាងធ្វើពិធីចម្រើនព្រះបរិតជាពុទ្ធជ័យមង្គល ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិក សមាគមសិល្បករខ្មែរ សូមបានសេចក្ដីសុខ សេចក្ដីចម្រើន ជោគជ័យគ្រប់ភារកិច្ច ជានិច្ចនិរន្តរ៍តរៀងទៀត៕