(ភ្នំពេញ)៖ ការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៣ បានបញ្ចប់ដោយជោគជ័យ ដោយមានអ្នកចុះឈ្មោះចូលរួមប្រកួតរហូតជាង ១៦០នាក់ ជាមួយការបង្ហាញនូវគុណផលរីកចម្រើនគួរឲ្យកត់សម្គាល់ ពិសេសអត្តពលិកវ័យក្មេង ដែលជាសញ្ញាណដ៏ល្អសម្រាប់អនាគតកីឡាជឺជីតស៊ូកម្ពុជា។
នេះបើតាមការលើកឡើងរបស់លោក ថោង បញ្ញាធន ប្រធានស្ដីទីសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ក្រោយពិធីបិទការប្រកួត ធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីចុងសប្ដាហ៍កន្លងទៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោកបន្ដថា ឆ្នាំនេះមានយុវជនចូលរួមប្រកួតច្រើន ស្របពេលសហព័ន្ធបានប្រើប្រាស់នូវប្រព័ន្ធប្រយុទ្ធ ដោយភ្ជាប់នូវបច្ចេកវិទ្យាថ្មី ដែលជាការបោះជំហានដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍កីឡា និងបង្កើតឱកាសសម្រាប់កីឡាករ-កីឡាការិនីកសាងសមត្ថភាពឆ្ពោះទៅប្រជែងមេដាយលើឆាកអន្ដរជាតិ។ នេះគឺបានបង្ហាញពីភាពរីកចម្រើន និងអនាគតដ៏គួរឲ្យរំភើបសម្រាប់វិស័យកីឡាជឺជីតស៊ូកម្ពុជា។
គោលដៅសំខាន់នៃការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ គឺដើម្បីសម្រួចប្រភេទទម្ងន់ស្របតាមវិញ្ញាសាប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ ហើយការប្រកួតបានដំណើរការយ៉ាងរលូន និងមានការរីកចម្រើនច្រើន បើធៀបឆ្នាំមុន ។ យ៉ាងណាសហព័ន្ធប្ដេជ្ញានឹងបន្ដជំរុញ និងកែលម្អបន្ថែមទៀត ដើម្បីធានានូវការពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីបានកាន់តែល្អប្រសើរ ត្រៀមការប្រកួតអន្ដរជាតិនានា។
សម្រាប់ឆ្នាំ២០២៥ គឺជាឆ្នាំដ៏មមាញឹកសម្រាប់សហព័ន្ធ ក្នុងការពង្រឹងក្រុមជម្រើសជាតិ ត្រៀមចូលរួមព្រឹត្តិការណ៍អន្ដរជាតិសំខាន់ៗជាច្រើន ដូចជាការប្រកួតជើងឯកអាស៊ី នៅហ្សកដានី នាខែឧសភា, ការប្រកួត Thai Grand Prix Open នៅថៃ នាខែមិថុនា, ជើងឯកអាស៊ីអាគ្នេយ៍ នៅហ្វីលីពីន នាខែកក្កដា, ជើងឯកពិភពលោក នៅថៃ នាខែវិច្ឆិកា និងស៊ីហ្គេម លើកទី៣៣ នៅថៃ នាខែធ្នូ ឆ្នាំ២០២៥ ខាងមុខ។
តាមរយៈបេសកកម្មដ៏ច្រើននេះ សហព័ន្ធត្រូវការស្មារតីក្រុមដ៏រឹងមាំ ជាមួយអត្តពលិកវ័យក្មេង ដែលទើបបង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ដើម្បីដុសខាតសមត្ថភាពពួកគេ ឆ្ពោះទៅចូលរួមការប្រកួតអន្ដរជាតិទាំងអស់នោះ និងការប្រកួតប្រជែងមេដាយជូនជាតិ ។ នេះគឺជាមោទនភាព ដែលសហព័ន្ធបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ រហូតសម្រេចបានជោគជ័យការប្រកួតជើងឯកថ្នាក់ជាតិ លើកទី៣។ លោក ថោង បញ្ញាធន បន្ថែម។
គួរដឹងថា មុនការប្រកួតជើងឯកថ្នាក់ជាតិ ក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានបញ្ចូលនូវប្រព័ន្ធប្រយុទ្ធលើកដំបូងឆ្នាំនេះ សហព័ន្ធក៏មានរៀបចំសិក្ខាសាលា ពង្រឹងសមត្ថភាព និងជំនាញមន្ដ្រី ដើម្បីធានាបាននូវការប្រកួតកាន់តែរលូន និងជោគជ័យ ដោយមានការចូលរួមពីលោក Thanornmantiwat Apichart ប្រធានអាជ្ញាកណ្ដាលកម្រិតអន្ដរជាតិផងដែរ៕