(បរទេស)៖ ក្រុមហ៊ុនមេធំរបស់ Facebook គឺ Meta ត្រូវបានគេរាយការណ៍មកថា កំពុងពិភាក្សាក្នុងការសាងសង់បរិវេណមជ្ឈមណ្ឌលទិន្នន័យថ្មីសម្រាប់គម្រោងបញ្ញាសិប្បនិមិត្ត (AI) របស់ខ្លួន ជាមួយនឹងការចំណាយដ៏មានសក្តានុពលលើសពី ២០០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Information នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

សារព័ត៌មាន Reuters បានចុះផ្សាយដោយដកស្រង់ព័ត៌មានពី The Information ថា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ Meta បានជូនដំណឹងដល់អ្នកអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យ ដោយបានបញ្ជាក់ថា ក្រុមហ៊ុនកំពុងពិចារណាសាងសង់បរិវេណមជ្ឈមណ្ឌលនៅក្នុងរដ្ឋនានារួមទាំងរដ្ឋ Louisiana, Wyoming ឬ Texas ខណៈដែលមេដឹកនាំជាន់ខ្ពស់មួយចំនួនបានទៅទស្សនាតំបន់ដែលមានសក្តានុពលទាំងនោះនៅក្នុងខែនេះរួចរាល់ហើយ។

ចាប់តាំងពីឆ្នាំ ២០២០ ពោលគឺចាប់ពីមានវត្តមាន ChatGPT របស់ក្រុមហ៊ុន OpenAI ដែលក្រុមហ៊ុន Microsoft ជាអ្នកជះលុយវិនិយោគមក ក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើនបានចាប់ផ្តើមពង្រីកឥទ្ធិពលរបស់ខ្លួនតាមរយៈការវិនិយោគទៅលើការបង្កើត និងបង្កើនសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យ ដោយបានបញ្ចូលនូវ AI ដើម្បីឲ្យផលិតផល និងសេវាកម្មរបស់ពួកគេកាន់តែប្រសើរឡើង។

ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ ត្រូវបានអ្នកនាំពាក្យក្រុមហ៊ុន Meta បានបដិសេធ ដោយនិយាយថា គម្រោងមជ្ឈមណ្ឌលទិន្នន័យ និងការចំណាយដើមទុនត្រូវបានបង្ហាញរួចហើយ ហើយអ្វីដែលលើសពីនោះគឺជាការរំពឹងទុកសុទ្ធ។

កាលពីខែមុន នាយកប្រតិបត្តិ Meta លោក Mark Zuckerberg បាននិយាយថា ក្រុមហ៊ុនគ្រោងនឹងចំណាយប្រាក់រហូតដល់ ៦៥ពាន់លានដុល្លារនៅឆ្នាំនេះ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI របស់ខ្លួន។

ចំពោះក្រុមហ៊ុន Microsoft ដែលជាអ្នកឈានមុខគេនៅក្នុងគម្រោង AI នោះ បាននិយាយថា ខ្លួនគ្រោងនឹងវិនិយោគប្រហែល ៨០ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៥ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ ខណៈដែលក្រុមហ៊ុនលក់រាយយក្ស Amazon បាននិយាយថា ការចំណាយឆ្នាំ ២០២៥ ទៅលើ AI នឹងខ្ពស់ជាង ៧៥ពាន់លានដុល្លារ៕