(បរទេស)៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា Apple នឹងអាចលក់ទូរស័ព្ទ iPhone 16 របស់ខ្លួនក្នុងប្រទេសឥណ្ឌូនេស៊ីឆាប់ៗនេះ បន្ទាប់ពីភាគីទាំងពីរបានយល់ព្រមលើកិច្ចព្រមព្រៀងមួយចំនួន រួមទាំងរោងចក្រផលិត និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក Agus Gumiwang Kartasasmita រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបានប្រាប់អ្នកយកព័ត៌មានថា ក្រុមហ៊ុន Apple នឹងទទួលបានវិញ្ញាបនបត្រមាតិកាក្នុងស្រុក ដែលត្រូវការសម្រាប់ការលក់ស្មាតហ្វូនដែលត្រូវបានអនុញ្ញាត។ យ៉ាងណា លោកមិនបានបញ្ជាក់នោះទេ ថាតើវិញ្ញាបនបត្រនេះ នឹងចេញនៅពេលណានោះ។

ប្រទេសឥណ្ឌូនេស៊ីបានហាមឃាត់ការលក់ iPhone 16 នៅក្នុងខែតុលា ឆ្នាំ ២០២៤ ដោយសារតែ Apple មិនបានបំពេញតាមតម្រូវការមាតិកាក្នុងស្រុករបស់ប្រទេសនេះ ដែលកំណត់ថាយ៉ាងហោចណាស់ ៣៥% នៃស្មាតហ្វូនដែលលក់នៅទីនោះត្រូវតែមានប្រភពសមាសធាតុក្នុងស្រុក។ ជុំវិញករណីនេះ ក្រុមហ៊ុនអាចបំពេញតម្រូវការក្នុងស្រុក តាមរយៈភាពជាដៃគូក្នុងស្រុក ឬការទិញយកប្រភពក្នុងស្រុក។

គួរជម្រាបថា ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទីបួនរបស់ពិភពលោក ដែលមានប្រជាជនសរុបចំនួន ២៨០ លាននាក់។ គិតមកទល់ពេនេះ Apple មិនមានកន្លែងផលិតនៅទីនោះទេ ប៉ុន្តែក្នុងអំឡុងឆ្នាំ២០១៨ បានបង្កើតឡើងនូវសាលាអភិវឌ្ឍន៍ជាច្រើននៅក្នុងប្រទេសនេះ ឬហៅថា សាលារៀន Apple (Apple Academies)៕