(ឡុងដ៍)៖ ខ្សែប្រយុទ្ធ Erling Haaland ជាអ្នករកបានគ្រាប់ជ័យជម្នះពីជំនួបដែលក្រុមការពារតំណែងជើងឯក Manchester City យកឈ្នះម្ចាស់ផ្ទះ Tottenham Hotspur ១-០ នាយប់មិញនេះក្នុងលីគកំពូលអង់គ្លេស Premier League 2024-25។
តាមរយៈ ៣ពិន្ទុនៅកីឡដ្ឋាន Tottenham នេះដែរ បានញាំងឱ្យក្រុមមេឃខៀវបន្តប្រដេញតំណែង Top-4 ដែលជាតំបន់កៅអីលេងពានអឺរ៉ុប UEFA Champions League រដូវកាលក្រោយ ដ្បិតកំពុងឈរលេខ៤ ជាមួយនឹង ៤៧ពិន្ទុ ក្រោយឆ្លងកាត់បាន ២៧ប្រកួត ស្របពេលគូប្រជែង Spurs ឈរលេខ១៣ និងមាន ៣៣ពិន្ទុ។
១គ្រាប់របស់តារាឆ្នើមសញ្ជាតិន័រវេស Haaland គឺបានកើតឡើងនៅនាទី១២ នៅពេលទទួលបាល់ពីមិត្តរួមក្រុម Jeremy Doku។
Haaland បានត្រឡប់មកជួយក្រុមវិញ គិតចាប់តាំងពីវត្តមាន បន្ទាប់ពី Man City បានបរាជ័យ ៣-១ ក្រោមថ្វីជើងរបស់ Real Madrid នៅទឹកដីអេស្ប៉ាញ និងបរាជ័យ ២ទល់នឹង០ ផងដែរ ក្រោមថ្វីជើងរបស់ក្រុមភ្ញៀវ ហង្សក្រហម Liverpool នៅកីឡដ្ឋាន Etihad របស់ខ្លួន៕