(ប៊ែរឡាំង)៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (The International Olympic Committee) កាលពីថ្ងៃពុធ បានផ្តល់ការទទួលស្គាល់គាំទ្រជាបណ្តោះអាសន្ន ទៅដល់កីឡាប្រដាល់សកលកម្រិតពិភពលោកនៅក្នុងជំហានដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅរកការដាក់បញ្ចូលក្នុងប្រភេទកីឡានៅឯកព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុង Los Angeles ឆ្នាំ២០២៨ ។ នេះបើតាមប្រភពពី Reuters នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ទាក់ទងនឹងវិញ្ញាសាការប្រកួតកីឡាប្រដាល់ នៅអូឡាំពិកទីក្រុងប៉ារីស កាលឆ្នាំ២០២៤ ត្រូវបានគ្រប់គ្រងដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បន្ទាប់ពីមិនមានការទទួលស្គាល់ពីសមាគមប្រដាល់អន្តរជាតិ (IBA) ក្នុងឆ្នាំ២០២៣ ជុំវិញការខកខានក្នុងការអនុវត្តកំណែទម្រង់លើអភិបាលកិច្ច និងផ្នែកហិរញ្ញវត្ថុ ។
ខណៈនេះ ស្ថាប័ន IOC មិនទាន់បញ្ចូលប្រភេទកីឡាមួយនេះទៅក្នុងកម្មវិធីព្រឹត្តិការណ៍ LA 2028 នៅឡើយនោះទេ ដោយបានជំរុញឱ្យសហព័ន្ធកីឡាប្រដាល់ជាតិបង្កើតស្ថាប័នប្រដាល់សកលថ្មីមួយ ឬក៏ត្រូវខកខានការប្រកួតកីឡាអូឡាំពិកក្នុងរយៈពេល ៣ឆ្នាំ ។
ស្ថិតក្នុងស្ថានភាពនេះស្ថាប័នអូឡាំពិក IOC បាននិយាយថា World Boxing បានបំពេញតាមលក្ខណៈវិនិច្ឆ័យសំខាន់ៗមួយចំនួន ដែលអាចឈានដល់ការសម្រេចទទួលស្គាល់បណ្តោះអាសន្ននេះ ខណៈការទទួលស្គាល់នេះ ទោះបីជានៅតែជាបណ្ដោះអាសន្នក៏ដោយ តែមានន័យថាពេលនេះ អាចមានការជំរុញដើម្បីឈានទៅរកការដាក់បញ្ចូលនៅកីឡាអូឡាំពិកនៅឆ្នាំ២០២៨ ក្នុងការបង្កើតស្ថាប័នថ្មីមួយសម្រាប់កីឡាប្រដាក់សកល ៕